ភ្នំពេញ៖ ករណីក្រឡាប់រថយន្តដឹកកម្មកររោងចក្រ បណ្តាលរបួសធ្ងន់ស្រាល៤៦នាក់ និងស្លាប់ម្នាក់ ក្រសួងការងារនឹងដោះស្រាយទុក្ខលំបាក ទៅតាមគោលរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម(បសស)។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី១២ ខែមីនា នេះថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចររថយន្តដឹកកម្មករនិយោជិត បើកបុកដុំថ្ម ដែលគេដាក់បាំងរថយន្តខូតបណ្តាលឲ្យក្រឡាប់ កាលពីម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ នៅលើផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានកម្មករជិះក្នុងរថយន្តសរុបចំនួន៦០នាក់ និងបានបណ្តាលកម្មកររងរបួសសរុបចំនួន ៤៧នាក់ គឺរបួសស្រាល៤០នាក់ របួសធ្ងន់៦នាក់ និងស្លាប់ម្នាក់។
ជនរងគ្រោះទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ ដោយយកចិត្តទុកដាក់បំផុត។ ក្នុងនោះចំនួន៣១នាក់ បាននិងកំពុងសម្រាកព្យាបាលនៅគ្លីនិកសុខាបែកចាន ចំនួន៣នាក់ នៅគ្លីនិកទេពមង្គល ចំនួន៧នាក់ នៅគ្លីនិកថ្នល់ទទឹង ចំនួនម្នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត និងចំនួន៥នាក់ នៅមន្ទីពេទ្យព្រះកុសុមៈ។
ក្រសួងការងារ សូមចូលរំលែកទុក្ខក្រៀមក្រំ និងអាណិតស្រឡាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងជនរងគ្រោះ ហើយសូមជូនពរដល់អ្នករងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ ហើយក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម៕ ដោយ ៖ បញ្ញាស័ក្តិ