Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​មណ្ឌលគិរី ជំរុញ​ឲ្យ​ស្ត្រី​បង្កើន​ចំណេះដឹង​ឲ្យ​ប្រសើរ​ថែម​ទៀត​

ខេត្ត​មណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្ដម ស្វាយ សំ​អ៊ាង បាន​ជំរុញ​ឲ្យ​ស្ត្រី​ជា​មន្ត្រី​រាជការឲ្យ​ខិតខំ​ពង្រឹង​សមត្ថភាព និង​បង្កើន​ចំណេះដឹង​ឲ្យបាន​ប្រសើរ​ថែមម​ទៀត ដើម្បី​អាច​បង្ហាញ​សមត្ថភាព ព្រមទាំង​មាន​ឱកាស​ដឹកនាំ​អង្គភាព​-​ស្ថាប័ន​នានា ឲ្យបាន​ច្រើន​ជាង​ពេល​នេះ ក្នុង​ទិសដៅ​បម្រើ​សង្គមជាតិ និង ប្រជាពលរដ្ឋ ស្រប​តាម​ការលើកកម្ពស់​ស្ត្រី របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។ ឯកឧត្តម បានឲ្យ​ដឹង​ដូច្នេះ នៅក្នុង​ពិធី​ទិវា​អន្តរជាតិ​នារី ៨ មីនា ក្រោម​ប្រធានបទ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ ដែល​បាន​រៀបចំ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ២០១៨ នៅ​សាលា​ខេត្តមណ្ឌលគិរី​។​

​ឯកឧត្ដម ស្វាយ សំ​អ៊ាង បានឲ្យដឹង​ទៀតថា ប្រសិន​បើ​ស្ត្រី​មិន​ព្យាយាម​ពង្រឹង​សមត្ថភាព​នោះទេ គឺ​មិន​អាចមាន​លទ្ធភាព​ទទួល​បាន​តួនាទី​ដឹកនាំ​ខ្ពស់ៗ​នោះទេ ជាពិសេស​មិន​អាច​មានឱកាស​ក្នុង​ការងារ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​ឲ្យបាន​ច្រើនទេ​។​

​ឯកឧត្ដម បន្តថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ កំពុង​លើកកម្ពស់​តម្លៃ​ដល់​ស្ត្រី​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន ដើម្បី​ឲ្យ​ស្ត្រី​មាន​តួនាទី និង​សិទ្ធិ​សេរីភាព​ស្មើ​ជាមួយ​បុរស នៅ​តាម​គ្រប់​ល័ក្ខខណ្ឌ គ្រប់​បរិបទ​សង្គម ដែល​កត្តា​ទាំង​នេះ គឺជា​ចំណុច​ចម្បង​មួយ​ផ្ដល់​សិទ្ធិ​ទៅលើ​ស្ត្រី​យ៉ាង​ទូលំទូលាយ ក្នុង​ការស្វែងរក​ឱកាស​នៃ​ភាពជោគជ័យ​ដូច​បុរស​ដែរ​។ ផ្តើម​ពី​បញ្ហា​នេះ ឯ​ឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី ស្នើរ​ដល់​ស្ត្រី​គ្រប់រូប គួរតែ​បង្កើន​សន្ទុះ​ក្នុង​ការប្រកួតប្រជែង​សមត្ថភាព​ជាមួយ​បុរស លើ​កិច្ចការ​កសាង​អភិវឌ្ឍន៍​ជាតិ ឲ្យ​រីកចម្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ​។

​ជាមួយគ្នានេះដែរ លោកស្រី ម៉ាលី សុខ​នី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង ក្នុង​ពិធី​អបអរ សាទរ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ២០១៨ នា​ឱកាស​នេះ​ថា ក្រសួង​កិច្ចការនារី បាន​លើកយក​ប្រធានបទ​មួយ គឺ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ ក្នុង​គោល​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់​វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល កំពុង​គាំទ្រ និង​ជម្រុញ​ឲ្យមាន​ការចូល​រួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស និង​ស្ត្រី​។ លោកស្រី បន្តថា ការជំរុញ និង​លើកកម្ពស់​ដល់​ស្ត្រី របស់​រាជរដ្ឋាភិបាល​រាល់ថ្ងៃនេះ គឺ​ក្នុង​គោលបំណង​លើកកម្ពស់​វឌ្ឍនៈភាព​សង្គម​ឆ្ពោះទៅ​រក​ការផ្ដល់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខុមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​៕ ដោយ​៖ សមុទ្រ​ឈើ​

×