មនុស្សយ៉ាងតិចណាស់ចំនួន ៤៩ នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានចុះចតធ្លាក់ផ្លូវ បណ្តាលឲ្យឆាបឆេះសន្ធោរសន្ធៅ នៅព្រលានយន្តហោះ Tribhuvan Airport ក្នុងរដ្ឋធានី Kathmandu ប្រទេសនេប៉ាល់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ។
យន្តហោះ Flight BS 211 ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla Airlines បានធ្វើដំណើរពីរដ្ឋធានីដាកា (Dhaka) ប្រទេសបង់ក្លាដេស មុនពេលវាជួបហេតុការណ៍រេធ្លាក់ផ្លូវ នៅថ្ងៃច័ន្ទ ពេលរសៀលម្សិលមិញ។
យន្តហោះមានផ្ទុកអ្នកដំណើរចំនួន ៧១នាក់ រួមទាំងបុគ្គលិកបំរើការក្នុងនោះផងដែរ។
សាកសពចំនួន ៤០ នាក់ ត្រូវបានគេទាញចេញពីបំណែកយន្តហោះ ចំណែកមនុស្សចំនួន ៩ នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ អ្នកនៅរស់រានមានជីវិតចំនួន ២២ នាក់ កំពុងត្រូវគេព្យាបាលនៅក្នុងមន្ទីរពេទ្យ។
មូលហេតុនៃការធ្លាក់នេះ គេនៅពុំទាន់បានដឹងច្បាស់នៅឡើយទេ ចំណែកនាយករដ្ឋមន្ត្រីនេប៉ាល់ KP Sharma Oli សន្យាថានឹងបញ្ជាឲ្យមានការបើកការស៊ើបអង្កេតភ្លាមៗ៕ សុភ័ក្ត្រ