សហរដ្ឋអាមេរិច នៅថ្ងៃច័ន្ទម្សិលមិញនេះ បានជំរុញឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិបន្តការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើង រហូតដល់មានការរីកចម្រើនឆ្ពោះទៅកាន់ការបោះបង់កម្មវីធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងសិន។
ទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក HR McMaster បានជួបពិភាក្សា ជាមួយនឹងឯកអគ្គរដ្ឋទូតរបស់ក្រុមប្រឹក្សានៅក្នុងទីក្រុងញូយ៉ក តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតីអាមេរិចដូណាល់ ត្រាំ បានយល់ព្រមធ្វើកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
លោក HR McMaster ថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ពួកយើងទាំងអស់ព្រមព្រៀងគ្នាថា ពួកយើងមានសុទុដ្ឋិនិយមចំពោះឱកាសនេះ ប៉ុន្តែពួកយើងប្តេជ្ញាចិត្តរក្សាយុទ្ធធនាការដាក់សម្ពាធរហូតទាល់តែពួកយើងឃើញ អ្វីដែលពួកគេនិយាយបានស្តែងជាទង្វើ និងការរីកចម្រើនក្នុងដំណើរឆ្ពោះទៅកាន់ការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ”។
ក្នុងកំឡុងកិច្ចប្រជុំ លោក HR McMaster បានបង្ហាញទណ្ឌកម្ម ៣ របស់អង្គការសហប្រជាជាតិដែលជាគន្លឺះសំខាន់ក្នុងយុទ្ធធនាការដាក់សម្ពាធក្នុងការនាំយកកូរ៉េខាងជើងត្រឡប់មកតុចរចារវិញ។ លោកថ្លែងថា ក្រុមប្រឹក្សាសន្តិសុខបានបង្ហាញពីការរួបរួមគ្នា និងដំណោះស្រាយដែលធ្វើឲ្យពួកយើងឥឡូវនេះស្ថិតនៅកន្លែងដែលអាចស្វែងរកដំណោះស្រាយការទូតក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាក្នុងគោលបំណងរាំងខ្ទប់កូរ៉េខាងជើងក្នុងការរកចំណូលដើម្បីផ្គត់ផ្គងកម្មវិធីយោធារបស់ខ្លួន ក្រោយពេលរបបព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ និងការបាញ់សាកល្បងមីស៊ីលជាច្រើនលើក។
សូមបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីអាទិត្យមុនបានយល់ព្រមជួបចរចាទល់មុខគ្នាជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ការចរចារនោះអាចនឹងកើតឡើងនៅចុងខែឧសភា ហើយវាធ្វើឲ្យមានក្តីសង្ឃឹមក្នុងការរកដំណោះស្រាយការទូត ក្រោយពេលមេដឹកនាំទាំងពីរបានប្រើវោហាសព្ទវាយប្រហារគ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនខែ៕ សុភ័ក្ត្រ