ព្រះសីហនុ៖កម្លាំងផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យកណ្តាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាបចាប់ខ្លួនជនជាតិចិនចំនួន ៩នាក់ លើករណីឆបោក និងលួចបើកលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេតបានចំនួន ៩នាក់ មកសាកសួរ និងត្រៀមបញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ ចាត់ការតាមនីតិវិធី។
ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃអង្គារ៍ ទី២៤ ខែតុលា ឆ្នាំ២០១៧ ដោយមាន លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចូលរួមសម្របសម្រួលនីតិវិធី។
លោក ហ៊ុន សុរិទ្ធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកផែនអន្តោប្រវេសន៍ បានឲ្យដឹងថា សកម្មភាពចុះបង្ក្រាបករណីឆបោក និងលួចបើកលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត (Online Gambling)នេះ មានទីតាំងនៅក្នុងបុរីប៊ីអេស (BS) ស្ថិតក្នុងភូមិ៥ សង្កាត់៤ (អូរ៥) ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនជាតិចិនស្នាក់នៅក្នុងបុរីនេះចំនួន ៩នាក់ ស្រី ១នាក់ និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កុំព្យួទ័រយួរដៃ (Laptop) ចំនួន ៨គ្រឿង កុំព្យូទ័រដិសថប(Desktop) ចំនួន ២គ្រឿង ទូស័ព្ទដៃចំនួន ៩គ្រឿង កាតធនាគារ ឬអេធីអ៊ឹន (ATM) ចំនួន ២៦សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ១០សន្លឹក ម៉ាស៊ីនបាញ់លុយចំនួន ៧គ្រឿង ហ្វាស់ (Flash) ឯកសារចំនួន ១គ្រឿង និង លិខិតឆ្លងដែនចំនួន ១០ក្បាល។
លោក ហ៊ុន សុរិទ្ធី ឲ្យដឹងថា បច្ចុប្បន្នជនជាតិចិនទាំង ៩នាក់នោះ ត្រូវកម្លាំងនគរបាលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំខ្លួនមកសាកសួរ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ បន្តចាត់ការតាមច្បាប់៕ ដោយ៖ សត្យា