ភ្នំពេញ ៖ តបតាមការស្នើសុំពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចល្អ សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការងាររបស់មន្រ្តីអនុវត្តច្បាប់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិចំនួន ៥៩៧រូប ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីមតិស្វាគមន៍ថ្លែងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលបានរៀបចំកម្មវិធីបំពាក់បំប៉នស្មារតីមន្រ្តីនគរបាល ដើម្បីពង្រឹងពង្រីកប្រសិទ្ធភាពការងារ ស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ ក្នុងការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបន្តជំរុញការកែទម្រង់អភិបាលកិច្ចល្អ។
កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា «នគរបាលជាតិ នៅតែជាឆ្អឹងខ្នងមួយដ៏សំខាន់ ដែលជាទំនុកទុកចិត្តរបស់ប្រទេសជាតិ និងប្រជាជន» ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់សាធារណៈ សន្តិសុខរបស់ប្រជាជន សន្តិសុខរបស់ប្រទេសជាតិ ការប្រឆាំងភេរវកម្ម ការប្រឆាំងភាពចលាចលគ្រប់បែបយ៉ាង គឺជាការទទួលខុសត្រូវមួយដ៏ខ្ពស់ ទោះបីនៅមានបញ្ហាត្រូវដោះស្រាយច្រើនក៏ដោយ។
ក្នុងបទឧទ្ទេសនាមនេះ កិត្តិនីតិកោសលបណ្ឌិត បានលើកឡើងយុទ្ធសាស្រ្តប្រឆាំងអំពើពុករលួយដែលមានមុខព្រួញ អប់រំ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសពុករលួយបញ្ជូនទៅតុលាការ ប្រភពព័ត៌មានដែលនាំឱ្យបើកការស្រាវជ្រាវ ដូចជា ចំហ សម្ងាត់ ទាំងក្នុង និងក្រៅប្រទេស នីតិវិធីស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងលើកសម្រង់បទល្មើសពុករលួយ និងទោសដែលមាន ៣៨ បទល្មើសក្នុងក្រមព្រហ្មទណ្ឌ រួមនឹង១៩ បទល្មើសពុករលួយដែលមានក្នុងច្បាប់ផ្សេងទៀត។
កម្មវិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ស៊ីចង្វាក់ជាមួយអភិក្រមទាំង៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» សំដៅជំរុញភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តចតុកោណ បន្តដល់យុទ្ធសាស្រ្តបញ្ចកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានផែនការច្បាស់លាស់ក្នុងការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបន្តជំរុញការកែទម្រង់អភិបាលកិច្ចល្អ ជាពិសេសការពង្រឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈ ការលើកកម្ពស់ការអនុវត្តវិធានការស្នូលទាំង ៣ គឺ ការអប់រំ ការងារបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីធានាប្រសិទ្ធភាពការអនុវត្តច្បាប់ និងការលើកស្ទួយភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី