ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ បានចោទថា លោក ហម កុម្ភៈ ហៅ ម៉ៅ មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ គឺជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងសកម្មមួយរូបប្រចាំស្រុកឱរ៉ាល់ ព្រោះរាល់ថ្ងៃនេះ កំពុងធ្វើសកម្មភាពដឹកឈើប្រណិតៗយ៉ាងរលូននៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយគ្មានការរំខានពីមន្ត្រីឧទ្យានុរក្សប្រចាំខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានអោយដឹងថា លោកម៉ៅនេះ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ឆាយរាប តំបន់រមាំងសរ ទៅកាន់ផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រជាពលពលរដ្ឋ អះអាងថា ជាក់ស្តែងកន្លងទៅថ្មីៗនេះ ឈ្មួញឈើឈ្មោះ ម៉ៅ បានដឹកឈើចំនួន ៥រថយន្ត ដឹកចេញពីចំណុចផ្ទះ របស់ខ្លួន កាត់មុខស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបត់តាមផ្លូវជាតិលេខ៤៤ ឆ្លងចូលខេត្តកណ្តាល មុននឹងឆ្ពោះទៅប្រទេសវៀតណាម។
ប្រជាពលរដ្ឋចោទថា ក្រៅតែពីរកស៊ីឈើខ្លួនឯង ឈ្មោះម៉ៅ នេះ នាពេលកន្លងមក ក៏បានចុះចាប់ឈើ របស់ប្រជាពលរដ្ឋតាមអំពើចិត្ត និងមានពេលខ្លះ បានដុតឈើពលរដ្ឋចោលទៀតផង នាំឲ្យពលរដ្ឋខ្សឹបខ្សៀវថា លោក ហម កុម្ភៈ ហៅ ម៉ៅ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងតែប្រើប្រាស់តួនាទី និងអំណាច របស់ខ្លួនរកស៊ីឈើផង និងជាអ្នកបង្ក្រាបបទល្មើសឈើផង ។
ទាក់ទងបញ្ហានេះ អ្នកយកព័ត៌មាន CEN.COM.KH មិនទាន់អាចទាក់ទង លោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ដើម្បីបំភ្លឺជុំវិញបទល្មើសព្រៃឈើ ដែលកំពុងកើតមាន និងកំពុងឆ្លងកាត់មូលដ្ឋានខេត្តកំពង់ស្ពឺ បាននៅឡើយទេ។
ចំណែក លោក ហម កុម្ភៈ ហៅ ម៉ៅ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏មិនទាន់អាចទាក់ទង ដើម្បីសុំបំភ្លឺជុំវិញការចោទ របស់ប្រជាពលរដ្ឋ ដែលថា នៅពីក្រោយបទល្មើសព្រៃឈើអនាធិបតេយ្យកំពុងកើតមាន នៅខេត្តកំពង់ស្ពឺ បានទេ តាមទូរស័ព្ទ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨៕ ដែន សីមា