ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ រស់នៅក្រុម១៤, ១៥, ១៦ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បានត្អូញត្អែរថា រាល់ថ្ងៃនេះ ពួកគាត់កំពុងប្រឈមខ្វះខាតទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃយ៉ាងខ្លាំង។
ពលរដ្ឋ អះអាងថា កង្វះខាតទឹកស្អាតប្រើប្រាស់ជាច្រចាំថ្ងៃនេះ គឺចាប់ពីខែកុម្ភៈ ហូតមកដល់ខែមីនា ឆ្នាំ២០១៨ ព្រោះប្រព័ន្ធទឹកស្អាត របស់រដ្ឋ បានដាច់ជាញឹកញាប់ ដោយក្នុងមួយថ្ងៃៗ មានទឹកប្រើប្រាស់តែ ២ទៅ ៣ម៉ោងតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋមួយចំនួនបានឲ្យ ដឹងថា ទឹកស្អាតអាចមាននៅចន្លោះម៉ោង ២យប់ទៅម៉ោង ៤យប់ជិតភ្លឺ ហើយកម្លាំងទឹកហូរខ្សោយ និងមានពេលខ្លះចេញតែខ្សល់អត់មានទឹកហូរចេញតាមទុយោទឹកមកនោះទេ។
ប្រជាពលរដ្ឋ ឲ្យដឹងទៀតថា ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជាប្រចាំថ្ងៃនេះ ពួកគាត់ត្រូវទិញទឹកស្តុកទុក សម្រាប់ប្រើប្រាស់ និងខ្លះទៀតសុំទិញទឹកពីអ្នកមានអណ្តូងជិតខាងផ្ទះរស់នៅជាដើម។ល។ បញ្ហានេះ មានប្រជាពលរដ្ឋខ្លះ បានអះអាងថា រាល់ថ្ងៃនេះ នៅពេលខ្វះទឹកប្រើប្រាស់ ក៏មានអ្នកខ្លះ ត្រូវខកខានងូតទឹកជាញឹកញាប់ និងវេចសម្លៀកបំពាក់ទៅជួលគេបោកគក់ជាដើម។
ទាក់ទិនបញ្ហានេះ មិនទាន់អាចទាក់ទង មន្ត្រីរដ្ឋាករទឹក ខេត្តព្រះសីហនុ ដើម្បីបំភ្លឺលើករណីទីតាំងមួយចំនួន ជាពិសេសមូលដ្ឋានក្រុម១៤, ១៥, ១៦ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានទេ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ឲ្យជួយចាត់វិធានការជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ដូចដើមឡើងវិញ។
បញ្ហានេះដែរ អ្នកឃ្លាំមើលផែនការអភិវឌ្ឍនសង្គម យល់ថា កង្វះខាតទឹកស្អាតប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ នៅខេត្តព្រះសីហនុ គឺអាចនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ឬកំណើនភ្ញៀវទេសចរចូលមកកម្សាន្តខេត្តព្រះសីហនុនាថ្ងៃអនាគត់។ ដូច្នេះគួរតែរដ្ឋបាលខេត្ត~ក្រុងព្រះសីហនុ ជួយមានវិធានការឈានដល់អាចជួយផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅក្នងទីប្រជុំជនក្រុងព្រះសីហនុ ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ដូចពេលមុនវិញ៕ ដោយ៖ បួន ណារិទ្ធ