ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ជាឧត្តមសេនីយ៍ឯក និងបក្ខពួកម្នាក់ទៀតជាយោធា ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដោយសារពួកគេទាំង២នាក់ស្រវឹងជោកជាំ និងនិយាយអ៊ួតអាង កាន់កាប់កាំភ្លើងជ័រខុសច្បាប់ ចែកចាយដុល្លារក្លែងក្លាយ នៅម៉ោងជាង ១១យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។
កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់ខ្លួនយោធាទាំងពីរនាក់នេះ ក្នុងពេលចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។ ជនសង្ស័យ ឈ្មោះឡូត ហេង ហៅអាម៉េង អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធា ម្ចាស់អាវុធជ័រប្រើហ្គាស និងលុយដុល្លារខ្មៅ និង ឈ្មោះ សន ប៊ុនថេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឫស្សីកែវ មុខរបរយោធា ជាអ្នកកាន់អាវុធជ័រ។ ក្នុងពេលនោះ សមត្ថកិច្ចបានដកហូតរួមមាន អាវុធខ្លីជ័រប្រើហ្គាសមួយដើម លុយដុល្លារខ្មៅចំនួន១៥សន្លឹក លុយដុល្លារចំនួន១០៨០ដុល្លារ លុយរៀលចំនួន២៥០០០រៀល ម៉ូតូមួយគ្រឿងម៉ាកSZពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ១BW៨៦២៧និងអត្តសញ្ញាណប័ណ្ណយោធា២សន្លឹក។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរនិកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ