ភ្នំពេញ ៖ បើយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា ស្តីពីការបញ្ចេញមតិ ពាក់ព័ន្ធការផ្សព្វផ្សាយមិនពិត របស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនង រវាងចិននិងកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រតិកម្មទៅនឹងការផ្សាយបំភ្លៃរបស់សារព័ត៌មាន Reuters ដែលសរសេរថា «ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា»។
អ្នកនាំពាក្យស្ថានទូតចិននៅកម្ពុជា បានលើកឡើងថា នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេស បានដកស្រង់ការចោទប្រកាន់មិនសមហេតុផល របស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា «ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា»។ ស្ថានទូតចិនប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។
ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៉ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ «សម្ព័ន្ធមិត្ត» ក៏មិនលើកលែងដែរ។
រីឯចំពោះបញ្ហាសន្តិសុខអ៉ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង «រឿងនិទានព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ» ការប្រឌិតមិនពិតខាងលើនេះក្រៅពីកុហកខ្លួនឯង និងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ។
អ្នកនាំពាក្យស្ថានទូតចិននៅកម្ពុជា បានលើកឡើងទៀតថា ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែង និងគំនិតឡូជីខល។ ក្នុងអត្ថបទ របស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។ ស្ថានទូតចិនប្រចាំកម្ពុជា មិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខានឱកាសបញ្ជាក់ការពិត និង បង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ។ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈ និងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ