ព្រះសីហនុ៖ នៅវេលាម៉ោង ៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាដោយផ្ទាល់ ក្នុងប្រតិបត្តិការនៃការស្វែងរកយុវជនជាមេធាវី មកពីរាជធានីភ្នំពេញលេងទឹកសមុទ្រ មិនទាន់ឃើញនៅឡើយ បើទោះបីជាប្រើក្រុមឆ្នាំសមុទ្រ មុជទឹករាវរកយ៉ាងណាក៏ដោយ។
យុវជនម្នាក់ដែលត្រូវបានគេអះអាងថា ជាមេធាវី នាល្ងាចថ្ងៃទី៣សីហាឆ្នាំ២០២១នេះ ត្រូវរលកសមុទ្រឆក់យកជីវិត ខណៈពេលយុវជនរងគ្រោះកំពុងសប្បាយប្រឡែងនឹងទឹករលក ជាមួយមិត្ត៣នាក់ផ្សេងទៀត ត្រង់ចំណុចភូមិ៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងដើរហាត់ប្រាណ នៅតាមបណ្តោយឆ្នេរដ៏ស្រស់ស្អាតមួយនេះ។
យោងតាមប្រភព លោកវរសេនីយ៍ឯក ប៉ោ វណ្ណរ៉ា ប្រធានការិយាល័យ នគរបាលទេសចរណ៍ប្រចាំតំបន់ឆ្នេរបានឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហាឆ្នាំ ២០២១ វេលាម៉ោងប្រហែល១៦និង៣០នាទីល្ងាចនៅចំណុចឆ្នេរអូរត្រេះ១ មានករណីភ្ញៀវទេសចរជនជាតិខ្មែរមកពី រាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកខ្ពស់ បានបាត់ខ្លួន ១នាក់ ។ ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារនិងទេសចរណ៍។
ប្រភពដដែលបានបន្តថា នៅរដូវនេះ កម្លាំងសមត្ថកិច្ចរបស់លោក ដែលប្រចាំការតាមបណ្តោយឆ្នេរ តែងតែដើរ ណែនាំពន្យល់ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលមកកម្សាន្ត ឲ្យមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹកម្តងៗ កុំចុះទៅជ្រៅ បើអាចកុំចុះងូតទឹកនៅពេលមានភ្លៀងខ្យល់ រលកធំៗ ព្រោះវាអាចគ្រោះថ្នាក់ដល់ជីវិតបាន។
ជុំវិញឧបទ្ទវហេតុនេះ យុវជនម្នាក់ ដែលអះអាងថា ជាមិត្តរួមអាជីពបានរៀបរាប់ថា ពួកគេមកពីភ្នំពេញ ហើយបានមកបំពេញការងារ នៅខេត្តព្រះសីហនុ ក្រោយពីបញ្ចប់ការងារនារសៀលថ្ងៃទី៣នេះ បានបបួលគ្នាមក ស្រូបយកខ្យល់អាកាស ហើយបានចុះងូតទឹកលេងជាមួយគ្នា តាំងពីម៉ោងជាងពីររសៀល រហូតដល់វេលាម៉ោងប្រមាណ៤និង៣០នាទី ខណៈពេលកំពុងងូតទឹកចម្ងាយពីគ្នា២ទៅ៣ម៉ែត្រ ស្រាប់តែជនរងគ្រោះបានរសាត់ទៅកណ្តាល ស្របពេលនោះពួកគាត់ ពុំបានចាប់អារម្មណ៍ទេ ព្រោះជនរងគ្រោះពុំបានស្រែកឲ្យជួយឡើយ ទើបពួកគេងូតបន្តទៀត រហូតបាត់ជនរងគ្រោះទើបមានការភ្ញាក់ផ្អើល និង ស្លន់ស្លោរ ហែលរក តែបាត់សូន្យឈឹង៕រក្សាសិទ្ធិដោយ៖CEN