ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាស ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវីដ-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាស នៃពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារ ត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ៕ រក្សាសិទ្ធិដោយ៖CEN