ប្រិយមិត្តមួយចំនួនប្រហែលធ្លាប់បានដឹងខ្លះៗហើយ ពីលោកតា សួង ដែលប្រជាជនថៃនាំគ្នាហៅថា លោកតាឪ គឺជាអតីព្រះសង្ឃដ៏មិនធម្មតានោះទេ ដែលគាត់ក៏អាចនិយាយភាសាខ្មែរបានធម្មតាផងដែរ។ តែទោះយ៉ាងណា គេក៏មិនអាចដឹងពីអាយុពិតប្រាកដ និងទីកន្លែងកំណើតរបស់គាត់ មកពីទីណានោះទេ ពោលគឺនៅតែជាអាថ៌កំបាំង មិនអាចបកស្រាយបាន។ ប៉ុន្តែ អ្វីដែលអ្នកភូមិថៃបានដឹង គឺពួកគេបានប្រទះឃើញគាត់លើកដំបូង នៅឯវាលស្រែមួយកន្លែង ស្ថិតក្នុងខេត្តស៊ីកាកេត។
យ៉ាងណាមិញ បើតាមការសាកសួរពីអ្នកភូមិចាស់ៗ ពួកគាត់បានអះអាងថា ពួកគេបានឃើញលោកតា សួង គឺតាំងពីពួកគាត់នៅក្មេងៗមកម្ល៉េះ ហើយនៅពេលនេះ ពួកគាត់ចាស់ៗអស់ទៅហើយ ក៏នៅតែឃើញវត្តមានគាត់ ជាពិសេសអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺរូបរាងរបស់លោកតា សួង នៅតែមិនផ្លាស់ប្តូរ។ ចំណែកមនុស្សមួយចំនួន បានដឹងថា លោកតា សួង មានអាយុ ៥០០ ឆ្នាំ។
ប្រជាជនបានឃើញពីអព្ភូតហេតុរបស់លោកតា សួង តាមរយៈការកត់សម្គាល់ ទឹកនោមរបស់គាត់ គឺអាចធ្វើឲ្យដំណាំលូតលាស់ល្អ និងរក្សាទឹកនៅក្រោមដី និងភាពអស្ចារ្យផ្សេងៗទៀត ដែលធ្វើឲ្យប្រជាជនហៅលោកតា សួង ថា «ទេវតាលើផែនដី»។
លោកតា សួង គឺជាព្រះសង្ឃដ៏សាមញ្ញ ដោយគាត់អាចរស់នៅគ្រប់ទីកន្លែង ជាមួយស្បង់គ្របដណ្តប់ខ្លួនតែមួយប៉ុណ្ណោះ។ ពិតណាស់ ទីជំរករបស់គាត់ គឺកូនខ្ទមតូចមួយ។ ហើយបើទោះជាគាត់ពុំបានសម្អាតខ្លួនយ៉ាងណា ក៏រាងកាយរបស់គាត់មិនមានក្លិនស្អុយនោះទេ គាត់មិនខ្វល់អំពីលុយ និងវត្ថុអ្វីទាំងអស់។ ព្រោះថា នៅពេលមនុស្សឲ្យលុយគាត់ គឺគាត់តែបោះចោល ដែលជាហេតុធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលចំពោះគាត់កាន់តែខ្លាំង។ ទាំងអស់នេះ បានធ្វើឲ្យមនុស្សម្នានាំគ្នាគោរពលោកតា សួង យ៉ាងខ្លាំង និងចាត់ទុកថា អំណាចរបស់គាត់ គឺអាចការពារពួកគេបាន។
តែទោះយ៉ាងណា លោកតា សួង បានសុគតនៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព.ស. ២៥៤៤ ត្រូវនឹង ថ្ងៃទី ៨ ខែកញ្ញា គ.ស.២០០០ នៅវត្ត ព្រៃផាថាណា ស្រុក ភូសិញ ខេត្ត ស៊ីសាកេត (ព្រះរាជាណាចក្រថៃ)។
លោកតា ហ្លូង ផោរីត ចៅអធិការវត្ត ឆនឡាប្រាថាន បានឲ្យដឹងថា ព្រះអង្គបានស្គាល់លោកតា សួង អត់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយកាលនោះ លោកតា សួង បានមកមកលេងគាត់ ប៉ុន្តែ គ្មានអ្នកណាម្នាក់បានឃើញទិសដៅដែលគាត់បានមកដល់ពីទីកន្លែងណានោះទេ ហើយនៅពេលគាត់ចាកចេញទៅវិញ គឺបានត្រឹមឃើញដើរចូលក្នុងព្រៃ នៅខាងមុខប្រាសាទប៉ុណ្ណោះ។
លោកតា ហ្លូងផោ បានឲ្យដឹងទៀតថា ព្រៃនោះគឺធំណាស់ ហើយជាព្រៃលិចទឹកទៀតផង តែទោះយ៉ាងណា លោកតា សួង បានដើរឆ្លងកាត់ព្រៃទឹកលិចនោះ ហើយឆ្ពោះទៅកាន់លើដីវិញធម្មតា។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅពេលគាត់ចេញពីក្នុងព្រៃ គឺមានសត្វ បក្សី ត្រូវបានឃើញបង្ហាញវត្តមានតាមពីក្រោយគាត់ ហើយបន្ទាប់មក ក៏បាត់ស្រមោលគាត់តែម្តង។
លោកតា ហ្លូងផោ បាននិយាយថា គាត់បានឃើញលោកតា សួង កំពុងអង្គុយនៅលើខ្ទមឈើតូច នាវាលស្រែមួយកន្លែង ស្ថិតនៅព្រំប្រទល់ខ្មែរ-ថៃ។ ហើយខ្ទមនោះ គឺពិតណាស់ដែលដំបូល និងជញ្ជាំង មិនអាចទប់ទល់នឹងខ្យល់ភ្លើងបានឡើយ។
លោកតា សួង បានប្រាប់ថា ខ្លួនឯងគាត់បានភ្លេចអាយុហើយ ប៉ុន្តែនៅចាំឈ្មោះ។ នេះអាចបកស្រាយបានថា លោកតាសួង ពិតជាបានផ្តល់មេរៀនធម៌ក្នុងការបង្ហាញថា មនុស្សម្នាក់គួរតែផ្តោតអារម្មណ៍លើបច្ចុប្បន្ន ហើយមិនត្រូវខ្វល់ខ្វាយពីអតីតកាលដែលបានកន្លងផុតទៅហើយ ដែលមិនអាចរស់ឡើងវិញបានទេ។
លើសពីនេះ នៅផ្នែកម្ខាងនៃក្រមារបស់គាត់ គឺមានខ្លែងដ៏ធំមួយ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាជាខ្លាំង។ ហើយនៅពេលនរណាម្នាក់សួរថា ហេតុអ្វីបានជាយកខ្លែងតាមជាប់ជាមួយ? អ្នកភូមិពន្យល់ថា លោកតាសួង ចូលចិត្តបង្ហោះខ្លែង ហើយនៅពេលមានខ្យល់បក់ អ្នកភូមិក្នុងតំបន់នឹងមកបង្ហោះខ្លែងរបស់ពួកគេនៅទីវាលនេះ ហើយលោកតាសួង គ្រាន់តែអង្គុយមើល ដោយផ្តល់សកម្មភាពដូចជាសើច និងទះដៃ។ ប៉ុន្តែប្រសិនបើលោកតា សួង បាត់ខ្លួន នោះខ្លែងក៏នឹងបាត់ស្រមោលដែរ។ ប្រសិនបើលោកតាសួងនៅទីនោះៗ ខ្លែងក៏នឹងនៅទីនោះដែរ។ នៅពេលសួរថាហេតុអ្វីបានជាអ្នកភូមិ មិនដែលឃើញពីលក្ខណៈដែលលោកតាសួង នឹងបាត់ខ្លួនយ៉ាងម៉េច អ្នកភូមិនិយាយថា ពួកគេគ្រាន់តែចូលរួមនៅពេលថ្ងៃប៉ុណ្ណោះ ហើយនៅពេលយប់ពួកគេនឹងត្រលប់មកផ្ទះវិញ ដោយទុកឱ្យលោកតាសួងនៅម្នាក់ឯង។ នេះគឺជាពេលដែលគាត់នឹងឈប់សម្រាករបស់គាត់ក្នុងដំណើរផ្សេងៗរបស់គាត់។ គេក៏បានជឿថា លោកតាសួង ធ្លាប់ហោះហើរឆ្លងកាត់មេឃ ជាមួយខ្លែងរបស់គាត់ នៅពេលយប់ងងឹត។
ដោយឡែក បើតាមប្រភពផ្សេងៗ ចែករំលែកនៅលើបណ្តាញសង្គមខ្មែរ បានបញ្ជាក់ថា លក្ខណៈពិសេសនៃយ័ន្តរបស់លោកតា សួង គឺ «យ័ន្តខ្លែងឯកខ្មែរ» ដែលចារដោយអក្សរខ្មែរបុរាណសម័យមុនអង្គរ និងសម័យអង្គរ។ អក្សរនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយអ្នកសច្ចំនៅតាមជួរភ្នំដងរែក ដូចជា ភ្នំព្រះវិហារ ភ្នំគូលែន ភ្នំត្បែង…ជាដើម ដែលសុទ្ធសឹងតែជាអ្នកសម្រេចនូវ ឈាន និង អភិញ្ញា អាចដកព្រលឹងវិ ញ្ញាណចេញពីរូបកាយបាន ចេះមន្តអាគម ចេះវិធីព្យាបាលជំងឺយ៉ាងពូកែស័ក្តិសិទ្ធតាមបែបបុរាណនិងចេះទស្សន៍ទាយប្រមើលមើលអំពីនិស្ស័យរបស់សត្វលោក។
អ្នកសច្ចំភ្នំត្បែង លោកតា សួង មានព្រះនាមដើម ជុក សួង កើតថ្ងៃអង្គារ ១៥ កើត ខែ កត្ដិក ឆ្នាំ ជូត ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ក្នុងត្រកូលកសិករ នៅភូមិ គូលែនជើង ឃុំ គូលែនជើង ស្រុក គូលែន ខេត្ត ព្រះវិហារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង