ទាក់ទងរឿងហុងស៊ុយ នោះប្រិយមិត្តបានដឹងហើយ គឺល្បីល្បាញខ្លាំងណាស់ ជាពិសេសចំពោះគ្រូហុងស៊ុយមានរហ្សនាម ចៅម៉ែ ដែលកំពុងសម្ងំរស់នៅយ៉ាងសោយសុខ នាឯប្រទេសថៃ ដោយសារតែរកស៊ីកាក់កបជាមួយមុខជំនួញអនឡាញ ដោយលក់ទាំងហុងស៊ុយ លក់ទាំងគ្រឿងសម្អាង យ៉ាងចម្លែកប្លែកពីគេឯង។
តែយ៉ាងណា មួយរយៈចុងក្រោយនេះ ឃើញថាការរកស៊ីរបស់ ចៅម៉ែ បានទទួលរងព្យុះភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីអតីតកូនចៅសាខាទាំងនៅស្រុកខ្មែរ និងនៅសហរដ្ឋអាមេរិក បានចេញមកព្រលះធ្ងន់ៗ និងក៏ដូចទម្លាយចេញខ្ទេច ពីការរកស៊ីបោកប្រាស់របស់ ចៅម៉ែ ជាបន្តបន្ទាប់។ ក្នុងនោះ ជាពិសេស គឺគ្រឿងប្រដាប់ប្រដារហុងស៊ុយតែម្តង ដោយបងប្អូនអ្នកចាញ់បោកបានអះអាងថា «វត្ថុមង្គល និងមេរៀន» របស់ចៅម៉ែ ឬយាយ៣១ គឺគ្មានស័ក្តិសិទ្ធអ្វីនោះឡើយ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ ថ្មីៗនេះ ក៏មានបុរសម្នាក់ដែលមិនដឹងថាគាត់ជាជនរងគ្រោះ ឬយ៉ាងណា ដែលហាក់បានដឹងរឿងច្បាស់ បានចេញមុខទម្លាយចំៗថា វត្ថុហុងស៊ុយ ឬ មេរៀនរៀបហុងស៊ុយ ស្អីគេហ្នឹង គឺគេលក់ក្នុងតម្លៃជាង ២ ពាន់ដុល្លារ ឬ ៣ពាន់ដុល្លារ ដោយហ្វ្រីមានថែមម្តងថាមាសគីឡូ ម្តងថា មាសហុងកុង ឡើងវ៉ល់តែម្តង។ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺបងប្អូនដែលទិញយកទៅរៀនរៀបហុងស៊ុយតាម បែរជាគ្មានប្រយោជន៍ ខាតទាំងពេលវេលា ខាតទាំងលុយកាក់ជ្រុលដើមលើសមុនទៅទៀត ព្រោះហុងស៊ុយអត់បានធ្វើឲ្យចំរុងចំរើន ពោលគឺមានតែធ្លាក់ដុនដាបកាន់តែខ្លាំង។
បុរសរូបនេះ ក៏បានសំណូមពរដល់បងប្អូនទាំងអស់គ្នា សូមឈប់ចាញ់បោកគេទៀតទៅ សូមជឿឲ្យចេះគិតពិចារណាផង កុំយកលុយឲ្យគេស្រួលៗបែបនេះ សម័យកូវីដកំពុងពិបាកហើយ បែរជាយកលុយរាប់ពាន់ដុល្លារ ទៅទិញមេរៀនជំនឿបោកប្រាស់ យកមករៀនតាម ហើយលទ្ធផលធ្វើឲ្យមុខរបររកស៊ី ដាក់កាន់តែខ្លាំងថែមទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង