ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ទទួលប្រាក់បញ្ញើពីសាធារណជន ហើយចំណែកឯកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ មិនត្រូវបានអនុញ្ញាឲ្យទទួលប្រាក់បញ្ញើពីសាធារណជនឡើយ ទោះជាក្រោមរូបភាពណាក៏ដោយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានទទួលព័ត៌មានថា ជនមួយចំនួននិងគ្រឹះស្ថានឥណទានជនបទមួយចំនួនតូចដែលបានកម្លាយខ្លួនពីអង្គការមិនមែនរដ្ឋាភិបាល បាននិងកំពុងអូសទាញប្រជាពលរដ្ឋតាមរយៈការប្រមូលប្រាក់បញ្ញើពីសាធារណជនក្រោមរូបភាព កិច្ចសន្យាខ្ចីប្រាក់ និងការផ្តល់អត្រាការប្រាក់ខ្ពស់ ព្រម ទាំងការផ្តល់ប្រាក់កម្ចីល្មើសច្បាប់។ ធនាគារជាតិ បានបញ្ជាក់ថា គិតមកត្រឹមខែមីនា ឆ្នាំ២០១៨នេះ ក្រៅពីគ្រឹះស្ថានធានាគារពាណិជ្ជ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលត្រូវបានអនុញ្ញាឲ្យទទួលប្រាក់បញ្ញើពីសាធារណជន ក្នុងនោះគឺ ៖
១៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC)។
២៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី (VISIONFUND (CAMBODIA) LTD)
៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HATTHA KAKSEKAR LIMITED)
៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK PLC)
៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី (KREDIT PLC)
៦៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ខូអិលធីឌី (AMRET Co.,Ltd)
៧៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC (CAMBODIA) PLC)៕ ដោយ ៖ បញ្ញាស័ក្តិ