ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ជប៉ុននឹងបើកស្ថានកុងស៊ុលរបស់ជប៉ុនប្រចាំនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០១៨ខាងមុខនេះ ហើយនឹងបន្តយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងជប៉ុននិងកម្ពុជា។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Iwo HORII អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា លោកអនុរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ពិសេសគឺការផ្លាស់ប្តុរការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងវេទិកាអន្តរជាតិជាច្រើន។ លោក ក៏បានវាតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជាបច្ចុប្បន្ន និងថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជា។ លោកអនុរដ្ឋមន្ត្រី ក៏លើកឡើងអំពីការគិតគូររបស់រដ្ឋាភិបាលជប៉ុន ក្នុងការជួយដល់កម្ពុជាលើការកែទម្រង់គ្រប់វិស័យ ពិសេសការបង្កើនសមត្ថភាពរបស់កំពង់ផែ ក្រុងព្រះសីហនុ ដើម្បីឆ្លើយតបនឹងការទាក់ទាញក្រុមហ៊ុនរបស់ជប៉ុនឲ្យមកធ្វើវិនិយោគទុននៅកម្ពុជា ហើយនិងការដោះស្រាយបញ្ហាចរាចរន៍នៅទីក្រុងភ្នំពេញ ដែលលោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនបានចាប់ផ្តើមធ្វើការសិក្សាអំពីគម្រោងបង្កើតរថភ្លើងធុនស្រាលលើអាកាសនៅទីក្រុងភ្នំពេញ ដើម្បីជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកបន្តថា ការរីកចម្រើនរបស់កម្ពុជា រហូតដល់ពេនេះ គឺមិនអាចកាត់ផ្តាច់បានពីការជួយជំនួយឧបត្ថម្ភជាច្រើនរបស់ជប៉ុន ហើយសង្ឃឹមថាជប៉ុននឹងផ្តល់ជំនួយដល់កម្ពុជា និងថាការគាំទ្ររបស់ប្រទេសជប៉ុនចំពោះកម្ពុជានឹងពុំមានការផ្លាស់ប្តូរឡើយ។ លោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃចំពោះការកើនឡើងយ៉ាងខ្លាំងរបស់វិនិយោគទុនជប៉ុននៅកម្ពុជា ដែលនៅក្នុងឆ្នាំ២០១៦ កន្លងមក បានកើនឡើងដល់ចំនួនជាង៨០០លានដុល្លារ។
លោកទេសរដ្ឋមន្ត្រី បានឆ្លៀតឱកាសនេះ ធ្វើការពន្យល់បកស្រាយអំពីសភាពការណ៍ដែលកើតមាននៅកម្ពុជា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ពិសេសគឺធ្វើការបំភ្លឺទាត់ចោលចំពោះការចោទប្រកាន់ដោយអយុត្តិធម៌របស់មជ្ឈដ្ឋានមួយចំនួនចំពោះរាជរដ្ឋាភិបាលកម្ពុជា លើករណីកាសែត Cambodia Daily ការបិទអង្គការ NDI និងករណីការឃុបឃិតក្បត់ជាតិរបស់ប្រធានគណបក្សប្រឆាំងជាមួយមហាអំណាចបរទេស សំដៅធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានសំដែងអំណរគុណចំពោះការពន្យល់បំភ្លឺរបស់លោកទេសរដ្ឋមន្ត្រី ហើយបានគូសបញ្ជាក់ថា ជប៉ុនគោរពជំហររបស់កម្ពុជា និងថា ការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជា នឹងពុំមានការប្រែប្រួលឡើយ៕ ដោយ៖ជាលី