ភ្នំពេញ ៖ លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រទេសចិនបានឈរលំដាប់លេខរៀងទី១ នៅកម្ពុជា កាលពីឆ្នាំ២០១៧ ជាមួយទំហំទឹកប្រាក់វិនិយោគ រហូតដល់ជិត១៥ប៊ីលានដុល្លារអាមេរិក។
នាឱកាសអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លោករដ្ឋលេខាធិការបានបន្ថែមទៀតថា ទំហំវិនិយោគចិនមកកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ១៤,៣ប៊ីលានដុល្លារអាមេរិក ឬ ស្មើ២៧ភាគរយ នៃទឹកប្រាក់វិនិយោគពីបរទេសសរុប ដែលចំនួននេះ បានកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៧៤៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
“កំណើនវិនិយោគរបស់ចិន បានសម្រួលដល់ការធ្វើពិពិធកម្មវិស័យការងារសម្រាប់ប្រជាជន និងកំណើនសេដ្ឋកិច្ច ដោយសារគម្រោងចិនភាគច្រើន ផ្តោតសំខាន់លើវិស័យសំណង់ កសិកម្ម ថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទេសចរណ៍ ដែលជាសសរស្តមសំខាន់ៗនៃសេដ្ឋកិច្ច” លោក ឈួន ដារ៉ា បានគូសបញ្ជាក់បន្ថែម។
លោករដ្ឋលេខាធិការ បានបន្តថា ក្រៅពីកំណើនទឹកប្រាក់វិនិយោគ ស្ថានភាពពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា នៅក្នុងឆ្នាំ២០១៧ ក៏មានវឌ្ឍនភាពប្រសើរផងដែរ។ បើតាមទិន្ន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានដល់ ៥,៧៩០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង២១,៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរចិន ដែលបានចូលមកកម្ពុជា កាលពីឆ្នាំ២០១៧ មានចំនួន ១.២១០.០០០នាក់ គឺបានកើនឡើងជិត ៤៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ដូចគ្នា៕ ដោយ ៖ បញ្ញាស័ក្តិ