ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់ហើយ គ្រូហុងស៊ុយ ចៅម៉ែ ឬមហាជនហៅថា យាយ៣១ គឺជាអ្នករកស៊ីតាមអនឡាញដ៏ជោគជ័យម្នាក់ ទៅលើមុខជំនួញគ្រឿងសម្អាងផង និងហុងស៊ុយផង ព្រោះតែមានថ្វីមាត់តែងតែលើកឡើងនូវពាក្យសច្ចៈវាចារ ទៀងត្រង់ យ៉ាងផ្អែម ដែលគួរឲ្យជឿទុកចិត្តបំផុត ធ្វើឲ្យមនុស្សជាច្រើនពិតជាចង់រកស៊ីជាមួយជាខ្លាំង។
តែទោះយ៉ាងណា អ្វីៗដែល ចៅម៉ែ តែងបង្ហាញឲ្យគ្រប់គ្នានៅលើបណ្តាញសង្គមបានឃើញ ថាខ្លួនជាមនុស្សល្អ រកស៊ីគោរពពាក្យសច្ចៈធម៌ ជាដើមនោះ គឺហាក់ដូចគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ព្រោះថា ធាតុពិតនោះ គឺអ្នកធ្លាប់ដែលរកស៊ីលុងខ្លួនជាមួយទើបដឹងថា ចៅម៉ែ ជាមនុស្សបែបណា…។
ជាការពិតណាស់ ខណៈទើបស្ងប់ស្ងាត់មួយរយៈសោះ ឥឡូវនេះ ផ្ទុះការចែករំលែករឿងគ្រូហេងស៊យចៅម៉ែ ម្ចាស់ក្រុមហ៊ុនវិមានរចនា រកស៊ីធ្វើនំអត់ម្សៅទៀតហើយ ពោលគឺក្រោយអ្នកចង់រកស៊ីជាមួយ ព្រោះតែជឿទុកចិត្តលើពាក្យសច្ចៈធម៌ បង់លុយឲ្យរាប់ម៉ឺនដុល្លារដើម្បីទទួលតំណែងធំៗ ស្រាប់តែ ចៅម៉ែ គ្រលាស់ដៃភិល លែងរវីរវល់ និងសូម្បីជេរថាស្តីឲ្យកប់ៗមាត់ទៀតផង។
ជាក់ស្តែង ក្នុងនោះ អ្នកមីងម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ បានចេញមកទម្លាយឲ្យដឹងថា គាត់ព្រោះតែជឿទុកចិត្តលើសច្ចៈវាចារទៀងត្រង់របស់គ្រូហេងស៊យ ចៅម៉ែ ក៏បានចំណាយលុយ ៩ ម៉ឺនដុល្លារ ដើម្បីទទួលមុខតំណែងស៊ុបភើ និងស៊ីអុីអូ។ ប៉ុន្តែ ក្រោយបង់លុយរួច ស្រាប់តែ ចៅម៉ែ ឲ្យតែក្រែម សាប៊ូ ១០០ ដុំ ហើយក៏គ្រលាស់ដៃភិលតែម្តង។ និយាយរួមទៅ នាង ចៅម៉ែ នេះ គឺជាអ្នករកស៊ីគ្មានការទទួលខុសត្រូវខ្ពស់ តាមពាក្យនិយាយឡើយ និងប្រើប្រាស់សំដីដ៏អសុរោះចំពោះអ្នកដែលចូលរកស៊ីជាមួយខ្លួន ហើយអ្វីដែលសំខាន់នោះ គឺអុីវ៉ាន់កាត់យកមកគរដូចភ្នំ លក់មិនចេញ ព្រោះអុីវ៉ាន់គ្មានគុណភាព។
យ៉ាងណាមិញ តាមរយៈសារជាសំឡេងនៅក្នុងវីដេអូ ពីសំណាក់បងប្អូនជាជនរងគ្រោះ ដែលបានទម្លាយចេញនូវរឿងរ៉ាវទាំងអស់នេះហើយ ហេតុនេះ សូមឲ្យបងប្អូនដែលពុំទាន់លង់ខ្លួន គួរគិតពិចារណាឡើងវិញ ព្រោះកុំឲ្យខាតបង់លុយកាក់រាប់ពាន់ ម៉ឺនដុល្លារ និងពេលវេលាអត់ប្រយោជន៍ ដោយសារតែការជឿទុកចិត្តគេខ្លាំងពេក គ្រាន់តែពាក្យសច្ចៈវាចារ ទៀងត្រង់ តាមរយៈអនឡាញប៉ុណ្ណោះនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង