មហាជនជាច្រើនបានជ្រាប និងស្គាល់ច្បាស់ហើយ លោក ស៊ុក សុភា ដែលជាអតីតតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកម្ពុជា កាលពីអំឡុងជាង ១០ ឆ្នាំ មុន និងបច្ចុប្បន្ន លោកកំពុងរស់នៅលើទឹកដីប្រទេសអូស្រ្តាលី បន្ទាប់ពីបានកសាងជីវិតគ្រួសារ រៀបការជាមួយភរិយាដ៏ស្រស់ស្អាតជាអាណិកជនខ្មែរនៅអូស្រ្តាលី គឺអ្នកនាង លុយ រីម៉ា ហៅសារីនណា។ ហើយអ្នកទាំងពីរ ក៏ត្រូវបានដឹងថា ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាមួយគ្នាជិត ១០ ឆ្នាំ កូនប្រុសស្រីចំនួន៣នាក់ផងដែរ។
ពិតណាស់ ហ្វេនៗ និងក៏ដូចមហាជន នៅលើបណ្តាញសង្គម តែងនាំគ្នាកោតសរសើរមិនដាច់ពីមាត់នោះទេ នៅពេលឃើញលោក ស៊ុកសុភា ជារឿយៗចែករំលែករូបភាពស្វ៊ីតៗជាមួយគ្រួសារ ដ៏គួរឲ្យច្រណែន។
តែដោយឡែក អ្វីដែលស្ទើរតែមិនគួរជឿនោះ គឺថ្មីៗនេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្រាប់តែភរិយារបស់លោកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានប្រកាសជាសាធារណៈថា រវាងរូបនាង និងលោក ស៊ុក សុភា គឺចែកផ្លូវគ្នាហើយ។
ចំណែមូលហេតុវិញ អ្នកនាង រីម៉ា បានឆ្លើយតបទៅកាន់អ្នកសួរនាំយ៉ាងដូច្នេះថា៖ ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្តែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលេងសើចទេ។ សុំបកស្រាយថា យើងលែងលះគ្នា មិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។ គេធ្វើអោយយើងឃើញថាគ្រួសារគេ មិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថាយើងខុស យើងជាក្មេងជាកូន ចង់គេមិនអោយតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុសចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្សដូចខ្ញុំ ខុសថាខុស ត្រូវថាត្រូវ មិនខុសមិនឱនក្បាលជាដាច់ខាត។
អ្នកនាង រីម៉ា នៅបានឲ្យដឹងទៀតថា បើបងបានប្តីមិនចេះបែងចែករឿងគ្រួសារ និងជីវិតប្តីប្រពន្ធអោយបានច្បាស់លាស់ផង យកអោយឱកាសដដែលៗម្តេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ់គ្រួសារគេ តែសុំអោយចេះបែងចែករវាងក្តីស្រឡាញ់ទាំងពីរហ្នឹង អោយបានច្បាស់លាស់។ មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះឱបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំអោយតែខ្ញុំជួបហើយ មើលរំលង ឬ មិនអោយតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំអោយតែមិនឃើញតម្លៃខ្ញុំ អាចអស់ចោលដូចគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង