សកម្មភាពរបស់មន្រ្តីប៉ូលីសថៃមួយក្រុម ដែលបានធ្វើទារុណកម្មដ៏សាហាវព្រៃផ្សៃ ទៅលើជនសង្ស័យគ្រឿងញៀនម្នាក់ រហូតដល់ស្លាប់ បានធ្វើឲ្យមហាជនជាអ្នកប្រើប្រាស់អុិនធើរណែត ផ្ទុះកំហឹងជាខ្លាំង និងផ្ទុះការវែកញែកពេញបណ្តាញសង្គម ដោយនិយាយចំៗថា នេះជាសកម្មភាពចោរក្នុងឯកសណ្ឋាន ដែលមិននឹកស្មានសាហាវម្លុឹងៗ។
យោងតាមសារព័ត៌មាន Thairath បានចុះផ្សាយឲ្យដឹងថា មន្រ្តី ៦ នាក់ និងវរសេនីយ៍ឯក សុីតធីសាន យូថាណាផន អគ្គនាយកស្ថានីយ៍ប៉ូលីស មឿង ណាខន សាវ៉ាន់ ត្រូវបានតុលាការចេញដីកាចាប់ខ្លួន ក្នុងករណីរួមដៃគ្នាធ្វើទារុណកម្ម ទៅលើជនសង្ស័យម្នាក់ ក្នុងករណីគ្រឿងញៀនចំនួន ២ លានបាត បណ្តាលឲ្យស្លាប់ ហើយបែរជាបានអះអាងថា ជនសង្ស័យបានប្រើប្រាស់ថ្នាំញៀនហួសកំរិត ដែលផ្ទុយពីភស្តុតាងប្រព្រឹត្តស្តែងៗនៅក្នុងកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
មន្ត្រីទាំង៧នាក់នេះ ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ក្នុងករណីធ្វើទារុណកម្មដោយចេតនា ទៅលើជនរងគ្រោះ។ ហើយទង្វើរដ៏ធ្ងន់ធ្ងររបស់ពួកគេ គឺពិតជាបានបង្កឲ្យភាពអាម៉ាស ប៉ះពាល់ដល់មុខមាត់របស់មន្រ្តីអនុវត្តច្បាប់ត្រឹមត្រូវយ៉ាងខ្លាំង និងក៏មិននឹកស្មានថា មន្រ្តីទាំងនេះបែរជាប្រព្រឹត្តល្មើសច្បាប់ ដោយប្រើអំណាចផ្លូវការរបស់ពួកគេបែបនេះទៅវិញ។
ទាក់ទងនឹងករណីនេះ ប្រភពពុំបានបញ្ជាក់ពីមូលហេតុឲ្យដឹងច្បាស់នោះទេ ប៉ុន្តែ ប្រភពខ្លះបាននិយាយថា នេះជាសកម្មភាពដ៏ព្រៃផ្សៃរបស់ចោរក្នុងឯកសណ្ឋានប៉ូលីសថៃ ៧ នាក់ ចាប់អ្នកទោសគ្រឿងញៀន មកគាបទារប្រាក់ ២ លានបាត ប៉ុន្តែ ជនសង្ស័យមានតែ ១លានបាត ក៏យកថង់គ្របក្បាលរហូតដាច់ខ្យល់ស្លាប់តែម្តងទៅ។
ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Chhon Kimkanikar ក៏បានលើកឡើងយ៉ាងចាក់ដោតថា៖ «គ្រាន់តែមានអាជីពជាប៉ូលិសប្រាក់ខែ ២ ទៅ ៤ ម៉ឺនបាត អាយុត្រឹមតែជាង ៣០ ឆ្នាំ មានឡាន Suppler Car ១៣ គ្រឿង មានប្រាក់សុទ្ធជាង ២៣០ លានបាត និង អាយុ ៤១ ឆ្នាំ មានឡាន Super Car ២៩ គ្រឿង មានវីឡាកណ្ដាលទីក្រុងធំដូចវាំង មិនទាន់សរុបទឹកប្រាក់ផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង