នេះគឺជាខណៈពេលដ៏មិននឹកស្មាន និងគួរឲ្យអាណិតខ្លាំងណាស់ គ្រាដែលតារាកំប្លែងអាហ្វហ្គានីស្ថានម្នាក់ ត្រូវក្រុមអ្នកប្រយុទ្ធតាលីបង់ ដែលបានអូសចេញពីផ្ទះរបស់គាត់ បានទះ២កំផ្លៀងយ៉ាងចាស់ដៃ នៅក្នុងរថយន្ត ដោយសារគាត់បន្តនិយាយចំអកឲ្យពួកតាលីបង់។
នៅក្នុងវីដេអូផ្ទុះរីករាលដាលមួយ ដែលថតនៅចុងខែកក្កដា លោក Nazar Mohammad ដែលគេស្គាល់ថា Khasha Zwan អាចត្រូវបានឃើញនៅកៅអីខាងក្រោយរថយន្ត ដែលអង្គុយអមសងខាងដោយក្រុមបះបោរ២នាក់ ដែលម្នាក់ក្នុងចំណោមនោះ មានកាំភ្លើងយន្ត Kalashnikov មួយដើម។
យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស លោក Zwan ត្រូវបានក្រុមតាលីបង់ សម្លាប់កាលពីចុងខែកក្កដា នៅទីក្រុងកាន់ដាហា បន្ទាប់ពីទីក្រុងនោះធ្លាក់ចូលក្នុងកណ្តាប់ដៃក្រុមជីហាដ។
លោក Zwan ត្រូវបានគេដឹងថា មានសម្រាប់ទម្លាប់ចូលចិត្តចម្អកឲ្យពួកតាលីបង់ តាមរយៈបទចម្រៀង និងក្បាច់រាំរបស់គាត់ រួមទាំងបទចម្រៀងមួយចំនួន ដែលបង្ហោះក្នុងគណនី TikTok របស់គាត់។
នៅក្នុងវីដេអូនៃគ្រាចុង ក្រោយរបស់គាត់ Mohammad នៅតែបន្តនិយាយកំប្លែងចម្អកដាក់ពួកតាលីបង់ ជាហេតុបណ្តាលឱ្យអ្នកប្រយុទ្ធតាលីបង់នៅខាងស្តាំដៃគាត់ ផ្ទុះកំហឹងទះកំផ្លៀងគាត់២ដៃពេញៗផ្ទៃមុខតែម្តង។ រីឯអ្នកប្រយុទ្ធវ័យក្មេងម្នាក់ទៀត ស្ថិតនៅខាងឆ្វេងគាត់ ត្រូវបានគេឃើញសើចពេញមួយទំហឹង មុនពេលប្តូរកាំភ្លើង ដោយយកកាំភ្លើងថ្មីមួយទៀតដែលមើលទៅធំជាងមុនគួរឲ្យខ្លាច។
តែទោះយ៉ាងណា ក្រោយមក Nazar ត្រូវបានសម្លាប់ បន្ទាប់ពីត្រូវបានបាញ់ជាច្រើនគ្រាប់។
យោងតាមរបាយការណ៍ រូបថតបានបង្ហាញថា គាត់បានទ្រោបទៅនឹងដើមឈើ ហើយបន្ទាប់មក គាត់ផ្ងារក្រោយទៅលើលើដី ដោយសារបំពង់ករបស់គាត់ត្រូវបានកាត់។
ក្រុមតាលីបង់ដំបូងបានបដិសេធជាប់ពាក់ព័ន្ធនឹងការស្លាប់របស់តារាកំប្លែងរូបនេះទេ មុនពេលសារភាពការទទួលខុសត្រូវ ហើយបញ្ជាក់ថា បុរសពីរនាក់នៅក្នុងរថយន្តនោះ គឺជាតាលីបង់។
ក្រុមនេះបាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយនឹងត្រូវកាត់ទោសនៅក្នុងតុលាការតាលីបង់។
ក្រុមនេះ ក៏បានចោទប្រកាន់ថា Nazar ដែលមកពីខេត្ត Kandahar គឺជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងការសម្លាប់តាលីបង់ និងបានបន្ថែមថា គាត់គួរតែប្រឈមមុខនឹងតុលាការតាលីបង់ ជាជាងត្រូវកាត់ទោសប្រហារជីវិតភ្លាមៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង