ប្រិយមិត្ត និងមហាចូលចិត្តតាមវិស័យកីឡាប្រដាល់ ជាពិសេសហ្វេនៗរបស់ស្តេចប្រដាល់ហ្វីលីពីន បាគីអាវ ពិតណាស់ ជាមានការសោកស្តាយ និងខកចិត្តជំនួសជាខ្លាំងហើយ ខណៈបានដឹងថា Idol របស់ពួកគេ បានចាញ់ក្រោមកណ្តាប់ដៃធ្ងន់ៗរបស់អ្នកប្រដាល់គុយបា Yordenis Ugas។
ជាការពិតជាក់ស្តែង តាមរយៈវីដេអូ ឃើញថាអ្នកប្រដាល់វ័យ ៤២ ឆ្នាំ រូបនេះ ត្រូវបានវាយខ្ទប់ឡើងទក់សាច់ នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ Welterweight ទល់នឹង Ugas កាលពីយប់ថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) កាលពីពេលកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ថា ស្តេចប្រដាល់ហ្វីលីពីន បាគីអាវ បានវិលត្រឡប់មកកាន់សង្វៀនវិញជាលើកដំបូង គឺបន្ទាប់ពីរូបលោកបានសម្រាកពីការប្រកួតអស់រយៈពេល ២ ឆ្នាំ ហើយគ្រោងនឹងប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់ Welterweight ដែលមិនស្គាល់ចាញ់ Errol Spence Jr មុនពេល Ugas ចូលមកប្រកួតជំនួស ក្រោយពេល Spence របួសភ្នែក។
ដោយឡែក ក្រឡេកមកមើលវីដេអូនៅលើ Instagram របស់ Pacquiao វិញ ឃើញថាពិតជាគួរឲ្យអាណិតគាត់ខ្លាំងណាស់ ខណៈបង្ហាញគាត់ស្ទើរតែបើកភ្នែកមិនរួច និងឈឺទ្រុឌទ្រោមខ្លាំង ដល់ថ្នាក់ត្រូវប្រពន្ធបញ្ចុកបបរ ទើបហូបកើត។ តែយ៉ាងណា អ្នកគាំទ្ររបស់គាត់ជាច្រើន បាននាំគ្នាលើកទឹកចិត្ត និងជូនពរឲ្យគាត់ឆាប់ជាសះស្បើយផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង