នេះអាចចាត់ទុកបានថា ជាលើកទី១ហើយ សម្រាប់តារាសម្តែងជើងចាស់សម្រស់នៅតែក្មេង គឺអ្នកនាង លី ម៉ារីណា ខណៈថ្មីៗនេះ អ្នកនាងត្រូវបានស្រ្តីម្នាក់ដែលអះអាងថាខ្លួនជាប្រពន្ធលោកធំម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ ព្រមានប្តឹងរឿងទិញអាវតម្លៃ ១២ ដុល្លារ ពីអ្នកនាង យកទៅពាក់មិនពេញចិត្ត។
ចំពោះមូលហេតុដែលនាំឲ្យស្រ្តីនោះគំរាមប្តឹង គឺដោយអាវពាក់រួចបែកព្រុយ។ ហើយដោយសារតែរឿងមួយនេះ ធ្វើឲ្យអ្នកនាង ម៉ារីណា ឆេះដុំធ្វើការ Live វីដេអូ បានប្រាប់ទៅកាន់មហាជនឲ្យបានដឹងថា ស្រ្តីរូបនោះបានគំរាមប្តឹងរូបអ្នកនាង ដោយបាននិយាយឡើងសាហាវបែបនេះថា «ខ្ញុំនឹងបង្ហោះអនឡាញអ្នកឯងឲ្យផ្អើលពេញស្រុកខ្មែរតែម្តង ប្តីខ្ញុំធ្វើការនៅក្រសួងមហាផ្ទៃ ខ្ញុំនឹងដាក់ពាក្យបណ្តឹង បើអ្នកឯងមិនសងខ្ញុំទេ ព្រោះខោអាវហ្នឹង ខ្ញុំពាក់ហើយវាបែកព្រុយ…»។
ទាក់ទងអាវបែកព្រុយនេះផងដែរ អ្នកនាង ម៉ារីណា ក៏បានធ្វើការពន្យល់ឲ្យដឹងថា កាលទៅស្រុកក្រៅ អ្នកនាងក៏ធ្លាប់ទិញប៉ះអាវប្រភេទហ្នឹងដែរ ហើយសាច់ហ្នឹង បើយកទៅបោកជាមួយច្រាស់វិញ គឺធានាថាបែកព្រុយស្ញាញតែម្តង។ ដោយឡែក សម្រាប់ម៉ូដអាវដែលអ្នកនាងកំពុងលក់រាល់ថ្ងៃនេះ អ្នកនាង ម៉ារីណា បញ្ចាក់ថា រោងចក្រគេផលិតមកអុីចឹង សាច់វាទន់ត្រជាក់ស្រួលពាក់មែន ប៉ុន្តែ វាលក្ខណៈបែកៗព្រុយ។ ហេតុនេះ ប្រសិនបើយើងទិញទៅ គិតថាមិនពេញចិត្ត យើងគួរណាគុំក្នុងចិត្ត ឈប់ទិញទៀតទៅ ប៉ុន្តែ មិនគួរណាក្តៅក្រហាយដល់ថ្នាក់នេះសោះ។
អ្នកនាង ម៉ារីណា ក៏បានប្រាប់ទៅកាន់បងប្អូនមហាជន ជាពិសេសផ្ញើទៅកាន់ស្រ្តីរូបនោះដែលមានឈ្មោះថា នីកា ដែលអះអាងក្តែងៗថាជាប្រពន្ធលោកធំម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ ហាក់អន់ចរិកគ្មានសេចក្តីថ្លៃថ្នូរជាមនុស្ស ឲ្យបានដឹងច្បាស់ថា អ្នកនាងបានសាងកេរ្តិ៍ឈ្មោះរហូតដល់អាយុ ៤១ ឆ្នាំ នេះ គឺមិនមែនមកបំផ្លាញកិត្តិយសត្រឹមអាវតម្លៃ ១២ ដុល្លារ ហ្នឹងឡើយ។ អ្នកនាង ម៉ារីណា ក៏បានឲ្យដឹងផងដែរថា អ្នកនាងបានស្គាល់ប្រពន្ធពូៗឬមិត្តភក្តិ ធ្វើការនៅក្រសួងមហាផ្ទៃច្រើនណាស់ តែពួកគាត់ហាក់ដូចជាមានសេចក្តីថ្លៃថ្នូរ អត្តចរិកល្អគួរឲ្យគោរពណាស់ មិនមែនចេញមកចរិកពាលៗដូចស្រ្តីរូបនេះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹមហុង