ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី-ខេត្តជាប់សមុទ្រ កំពុងព្រួយបារម្ភ ពីការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកាកសំណល់សំរាម ពិសេសប្លាស្ទិក ដោយធ្វើយ៉ាងណាមិនឱ្យកាកសំណល់ទាំងនោះហូរចូលក្នុងសមុទ្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ខេត្តជាប់មាត់សមុទ្រទាំងអស់ ជាពិសេសខេត្តគោលដៅទេសចរណ៍ ត្រូវសកម្មជាងគេក្នុងការគ្រប់គ្រងសំណល់សំរាម ពិសេសធ្វើយ៉ាងណាកុំឱ្យមានថងប្លាស្ទិកហោះក្នុងបរិយាកាស។
ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សំរាមជាក្តីកង្វល់រួមរបស់យើងទាំងអស់គ្នា។ បច្ចុប្បន្ន កម្ពុជា ប្រមូលសំរាមបានជាង ១ម៉ឺនតោន ហើយក្នុងនោះកាកសំណល់ប្លាស្ទិកមានរហូតដល់ ២០ភាគរយ ដែលជាកម្រិតមួយខ្ពស់។
សំរាម និងកាកសំណល់ផ្សេងៗ បានបង្កឲ្យមានការកកស្ទះលំហូរទឹកនៅតាមប្រព័ន្ធលូ អូរ និងព្រែកនានា ធ្វើឲ្យមានការជន់លិច ក្នុងក្រុងព្រះសីហនុ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សំរាម និង កាកសំណល់ ទាំងនោះ បានហូរធ្លាក់ចុះទៅសមុទ្រផងដែរ បង្កផលប៉ះពាល់ ដល់បរិស្ថាន និងមនុស្ស។
កន្លងមកអាជ្ញាធរខេត្ត ក៏បានដាក់ចេញវិធានការទាក់យកសំរាមនៅតាមដងអូរមួយចំនួន កុំឲ្យសំរាមហូរតាម ទឹកធ្លាក់ចុះ ទៅក្នុងសមុទ្រ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក្នុងតំបន់ឆ្នេរ ខណៈ ដែលសំរាមនៅតែបន្ត រាយប៉ាយ ក្នុងខេត្តទេសចរណ៍ ជាប់មាត់សមុទ្រមួយនេះ។
ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ បានរាយការណ៍ថា ជារៀងរាល់ឆ្នាំ មានផ្លាស្ទិកចំនួន ១២លានតោន បានអណ្តែតចូលទៅក្នុងមហាសមុទ្រ ដែលប្រការនេះ ជាការគំរាមកំហែងដល់ជីវិតនានាជាច្រើនរាប់មិនអស់ ដែលរស់នៅក្នុងមហាសមុទ្រ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះនូវគោលនយោបាយគ្រប់គ្រង់ជាច្រើន រួមមាន ការបង្កើនពន្ធលើការនាំចូលប្លាស្ទិក ហាមឃាត់ការនាំចូលថងប្លាស្ទិក ដែលមានកម្រាស់ ០,០៣ មីលីម៉ែត្រ ការដាក់តម្លៃបន្ថែមលើថងប្លាស្ទិកនៅតាមផ្សារទំនើបនានា ក្នុងតម្លៃ ៤០០រៀលក្នុងមួយថង ដែលការអនុវត្តរយៈពេលបីឆ្នាំចុងក្រោយ ការប្រើប្រាស់ថងប្លាស្ទិកថយចុះពី ៣០ទៅ ៤០ភាគរយនៅតាមផ្សារទំនើបនានា និងជំរុញឱ្យមានការផលិតប្លាស្ទិកដែលមានមូលដ្ឋានពីជីវៈបា្លស្ទិក(ធ្វើពីរុក្ខជាតិងាយរលាយ) ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានជំរុញលើការអនុវត្តលើគោលការណ៍ 4R (ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃឡើងវិញ និងការបដិសេធការប្រើប្រាស់ប្លាស្ទិកតែម្តង)។
គួរបញ្ជាក់ថា បើតាមមន្រ្តីក្រសួងបរិស្ថាន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្ត ៤ចំណុច ១ កាត់បន្ថយការប្រើប្រាស់បា្លស្ទិក ២ ប្រើប្រាស់ប្លាស្ទិកឡើងវិញ ៣ កែច្នៃប្លាស្ទិកឡើងវិញ(សិប្បកម្មកែច្នៃលក្ខណៈសហគ្រាសធន់តូច) និង ៤ ការចូលរួមអនុវត្តតាមកាណែនាំរបស់អ្នកជំនាញ និងរាជរដ្ឋាភិបាលទាំងអស់គ្នា ក្រោយពេលពលរដ្ឋមានការយល់ដឹងច្រើនហើយនោះ៕