ព្រៃវែង ៖ ផ្ទះប្រជាពលរដ្ឋមួយផ្ទះល្វែងដែលមានទទឹង៥,២ម៉ែត្រ បណ្ដោយ១៥ម៉ែត្រត្រូវ បានអគ្គិភ័យលេបត្របាក់ទាំងស្រុង។ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើបានកើតឡើង នៅវេលាម៉ោង ៩ និង ៤៥នាទី ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៨ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
សមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ អន គ្រីម ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាងជួសជុសរថយន្ត មានទីលំនៅកន្លែងកើតហេតុ។
ប្រភពដដែលបន្តថាក្នុងហេតុការណ៍អគ្គិភ័យខាងលើបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ ឈ្មោះ ញឹម ទៀង អាយុ៤៧ឆ្នាំ និងសម្ភារៈនៅក្នុងផ្ទះស្ទើទាំងស្រុង។ សមត្ថកិច្ចបញ្ជាក់ថាមុនពេលកើតហេតុ ប្ដីនិងកូនប្រុស២នាក់នាំគ្នាទៅសែនថ្នូរជីដូនជីតា នៅភូមិ ព្រែក ឃុំ មហាលាភ ស្រុកកោះសុទិនខេត្ត កំពង់ចាម ចំណែកប្រពន្ធមិនបានទៅជាមួយនៅចាំផ្ទះ។
ក្រោយពេលកើតហេតុ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្ត ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងនគរបាលខេត្ត និងសហការណ៍ជាមួយ កម្លាំងនៃអធិការនគរបាលក្រុង សង្គ្រោះ ជាបន្ទាន់ ពេលនោះ សមត្ថកិច្ចឃើញផ្ទះជាប់សោ ២ជាន់ ទី១ សោកន្លែងជួសជុលរថយន្ត និង សោទី ២ ជាកន្លែង ចូលបន្ទប់ដេក។ ហេតុការណ៍នេះបណ្ដាលឱ្យម្ចាស់ផ្ទះជាប្រពន្ធស្លាប់។ ក្នុងប្រតិ បត្តិការជួយអន្តរាគមន៍កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីចំនួន៤គ្រឿង ប្រើទឹកអស់ ៨ រថយន្ត មិនបណ្ដាលឱ្យឆេះឆ្លងផ្ទះនៅជាប់ឡើយ។ កម្លាំងជំនាញកំពុង រកមូលហេតុខាងលើ ដោយសហការគ្នារវាងកម្លាំងនគរបាលនិងកម្លាំងជំនាញស្នងការ៕ ដោយ ៖ បញ្ញាស័ក្តិ