ប្រភពច្បាស់ការឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong Ho នឹងមានដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីចំពេលដែលមានលេចឮពាក្យចរចាមអារាមថា ប្រធានាធិបតីរុស្ស៊ី ពូទីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងត្រៀមជួបមុខគ្នា ។
ប្រមុខការទូតកូរ៉េខាងជើង Ri Yong Ho
តាម NHK ប្រមុខការទូត Ri Yong Ho កំពុងមានវត្តមាននៅក្រុងប៉េកាំង នាព្រឹកថ្ងៃទី ៣ ខែមេសានេះ គេពុំទាន់ដឹងច្បាស់ពីកម្មវិធីរបស់លោក Ri Yong Ho នៅឡើយទេ ប៉ុន្តែតាមប្រភពព័ត៌មានការទូតឲ្យដឹងថា លោក Ri Yong Ho ទៅកាន់ Baku, Azerbaijan ដើម្បីចូលរួមប្រជុំចលនាមិនចូលបក្សសម្ព័ន្ធនៅចុងសប្តាហ៍នេះ ។
ប្រភពដដែលឲ្យដឹងថា ប្រមុខការទូត Ri Yong Ho និងទៅកាន់រុស្ស៊ីក្រោយដំណើរឆ្ពោះទៅកាន់ Azerbaijan ។ នៅរុស្ស៊ីតាមព័ត៌មានឲ្យដឹងថា លោក Ri Yong Ho និងមានជំនួបជាមួយប្រមុខការទូតរុស្ស៊ី Sergei Lavrov ។
ព័ត៌មានខាងលើត្រូវបានលេចឮតាំងពីពេលដែលលោកគីម ជុងអ៊ុន បញ្ចប់ដំណើរទស្សនកិច្ចនៅចិន កាលពីថ្ងៃទី ២៨ ខែមីនា ម្លេះ។
មេដឹកនាំកូរ៉េខាងជើង មានគំរោងនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅថ្ងៃទី ២៧ ខែមេសា ខាងមុខ។ ក្នុងពេលជំនួបរវាងលោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងប្រព្រឹត្តទៅនៅចុងខែឧសភា ។ ក្រុមអ្នកឃ្លាំមើលសន្និដ្ឋានថា កូរ៉េខាងជើងហាក់កំពុងស្វែងរកការគាំទ្រពីសំណាក់ប្រទេសផ្សេងទៀត មុនពេលប្រព្រឹត្តទៅនៃជំនួបកំពូល ជាមួយកូរ៉េខាងត្បូង និងអាមេរិក ។
មកទល់ពេលនេះរុស្ស៊ីនៅពុំទាន់ប្រកាសជាផ្លូវការណាមួយអំពីលទ្ធភាពនៃការប្រព្រឹត្តនៃជំនួបរវាងលោកគីម ជុងអ៊ុន និងលោកពូទីន ជំនួយការប្រធានាធិបតីរុស្ស៊ី Yuri Ushakov ឲ្យដឹងថា មកទល់ពេលនេះ ក្នុងរបៀបវារៈការងាររបស់លោកពូទីន ពុំទាន់មាននិយាយដល់ពីជំនួបកូរ៉េខាងជើងទេ ប៉ុន្តែខ្ញុំអាចប្រាប់ថា ប្រធានាធិបតីពូទីន នឹងមានជំនួបជាមួយបេសកជនមេដឹកនាំចិន នៅក្រុងមូស្គូនាថ្ងៃទី ៥ ខែមេសា ៕ សូយន