ភ្នំពេញ ៖ សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា។
តួយ៉ាងនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ សូមបងប្អូន អ៊ំពូមីង តាយាយ អញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈ រៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញជូនសាធារណៈជនអំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។
សាទរកម្ពុជា ត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការជូនបងប្អូន អ៊ំពូមីង តាយាយទៅទស្សនាកំសាន្ត រីករាយជាមួយមហាគ្រួសារខ្មែរនាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី ២០២៥ ផងដែរ។
សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីបួងសួងសុំសេចក្តីសុខ កម្មវិធីសិល្បៈទស្សនីយភាពចម្រុះ និងក្រុមការងារក្បួនដង្ហែ នៃព្រឹត្តិការណ៍ «សាទរកម្ពុជា”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីពិធីក្រុងពលីសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកម្មវិធីជាច្រើន និងមានអ្នកចូលរួមប្រមាណ ៣ ០០០នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី