Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះផ្ទៃក្នុង​គណបក្ស​ស​ង្គ្រោះ​ជាតិ​៖ លោក​សម រង្ស៊ី បាន​សរសេរ​លិខិត​ផ្ញើជូន​លោក​កឹម​សុខា​

ភ្នំពេញៈ លោក​សម រង្ស៊ី បាន​សរសេរ​លិខិត​ផ្ញើជូន​លោក​កឹម សុខា ដែល​កំពុងតែ​ជាប់ពន្ធនាគារ​ដោយ​ប្រា​ប់លោក កឹម សុខា ថា មុននឹង​ចេញ​សេចក្តីសម្រេច​សំខាន់ៗ ណាមួយ​ត្រូវមាន​កុងសង់ស៊ីស ត្រូវមាន​ការឯកភាព ពី​មនុស្ស​សំខាន់ៗ ៣​រូប​គឺ លោកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង និង​លោក យឹម សុវណ្ណ​។​

​យោងតាម​លិខិត​របស់លោក សម រង្ស៊ី ចុះ​ថ្ងៃទី​២៤ ខែតុលា ផ្ញើជូន​លោក កឹម សុខា ដែល​រស្មី​កម្ពុជា ទទួលបាន​កាលពី​យប់​ថ្ងៃទី​២៧ ខែតុលា បានសរសេរថា “…​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្លះៗ ដែល​មិត្តភក្តិ​របស់​យើង កំពុងតែជួបប្រទះ ខ្ញុំ​សូម​រំលឹក​ឯកឧត្តម​ពី​សេចក្តីសម្រេច របស់​យើង​ទាំងពីរ​នាក់ ក្នុងជំនួប​ចុងក្រោយ​របស់​យើង​។ យើង​បានសម្រេច​ថា នឹង​រក្សា​ស្មារតី កុងសង់ស៊ីស (Consensus) ក្នុង​ការធ្វើ​សេចក្តីសម្រេច ដ៏​សំខាន់​នីមួយៗ ពីមុន កុង​សង់​ស៊ី​ល ហ្នឹង គឺ​កើតចេញពី​ការឯកភាព​គ្នា រវាង​រូប​ឯកឧត្តម និង​រូបខ្ញុំ ទាំងពីរ​នាក់ តែ​ឥឡូវនេះ​កុងសង់ស៊ីស​នេះ ត្រូវ​កើតចេញ ពី​ការ​ឯកភាពគ្នា រវាង​រូប​ឯកឧត្តម និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​ទៀត ដែល​យល់ចិត្ត​ខ្ញុំ​ច្បាស់​គឺ​លោកស្រី មូរ សុខ​ហួរ​, លោក អេង ឆៃអ៊ាង និង​លោក យឹម សុវណ្ណ​។ ពេលណា​គណបក្ស​ត្រូវធ្វើ​សេចក្តីសម្រេច​ដ៏​សំខាន់ៗ ដូចជា​ការជ្រើសរើស​បេក្ខជន សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ សូម​ឯកឧត្តម​មេត្តា ស្វែង​យក​យោបល់​របស់​សហការី​ទាំងបី​នាក់​នេះ​ផង ដើម្បី​ធ្វើ​សេចក្តីសម្រេច​ដោយ​ឯកច្ឆន្ទ​។ ខ្ញុំ​ជឿជាក់ថា ឯកឧត្តម​យល់ច្បាស់​អំពី​ទឹកចិត្ត និង​បំណងល្អ​របស់ខ្ញុំ គឺ​ដើម្បី​រក្សា និង​ពង្រឹង​សាមគ្គីភាព ក្នុង​ជួរ​អ្នកប្រជាធិបតេយ្យ និ​អ្នកស្នេហាជាតិ ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់មូលដ្ឋាន ដែលជា​អង្គ​បោះឆ្នោត​”​។​

​ទាក់ទង​លិខិត​នេះ នៅ​មិនទាន់​ឃើញ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចេញមក​បញ្ជាក់​នៅឡើយ​ទេ ថា​លិខិត​ពិត​ឬ​មិន​ពិត​។ លោក​ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ជាច្រើន​ដឹង​មិនមាន​អ្នកទទួល​។​លោក​សម រង្ស៊ី អតីត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បានប្រកាស​ប្រាប់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ថា អ្វី​ដែលជា​សេចក្តីសម្រេច​របស់លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​សេចក្តីសម្រេច​ពិតប្រាកដ​ទេ​។ ដោយ​លោក​សម រង្ស៊ី អះអាងថា លោក​កឹម សុខា កំពុងតែ​ស្ថិតនៅក្រោម​ការគំរាមកំហែង​។ ការប្រកាស​របស់លោក​សម រង្ស៊ី គឺ​បាន​ធ្វើឡើង​តាមរយៈ​វីដេអូ​ឃ្លី​ប​ពី​ក្រៅប្រទេស កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​។​

​ការប្រកាស​បែបនេះ របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ហាក់ដូចជា​មិន​ទុកចិត្ត​ចំពោះ​លោក​កឹម សុខា ដែល​កំពុងតែ​ជាប់​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​។ ហើយ​វា​ស្រប​ពេលដែល​ចរន្ត​នៃ​ការចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំពុងតែ​កើតមាន​យ៉ាង​ផុសផុល​។​


​នៅក្នុង​វីដេអូ​ឃ្លី​ប លោក សម រង្ស៊ី ថ្លែងថា “​ឥឡូវនេះ លោក កឹម សុខា គឺ​ស្ថិតនៅក្រោម​ការគំរាមកំហែង​។ សេចក្តីសម្រេច សេចក្តីប្រកាស អ្វី​របស់លោក កឹម សុខា យើង​ជឿជាក់ថា មិនមែនជា​សេចក្តីសម្រេច​របស់គាត់​ពិតប្រាកដ​ទេ​។ គាត់​មាន​សេរីភាព​ពេញលេញ គាត់​ច្បាស់​ជា​មិន​ធ្វើតាម​អ្វីដែល​គេ​កំពុងតែ​បង្ខំ​ឲ្យ​គាត់​ធ្វើ​ទេ​។ ហើយ​មាន​អ្នកខ្លះ​យកឈ្មោះ​លោក កឹម សុខា យកទៅ​ប្រើប្រាស់​ដើម្បី​ទាញ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ យើង​មិន​ព្រម​ដាច់ខាត អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ដាច់ខាត គឺ​សេចក្តីសម្រេច​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មានតែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទេ​”​។

​ចំណែក​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា “​លោក​សម រង្ស៊ី មិនមែនជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​សិទ្ធិ​អ្វី​ទេ និង​មិន​មានមក​បង្គាប់បញ្ជា​ដែរ ពីព្រោះ​គាត់​បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​”៕ ដោយៈ​មុនីរាជ​

 

×