Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣

សៀមរាប​៖ បន្ទាប់​ពី​កិច្ច​បើក​កិច្ចប្រជុំ​ពេញអង្គ រួចហើយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​។ សម្តេច​តេជោ​បានបង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នាពេលនេះ​។​

​ក្នុង​សន្និសីទ​សា​ព័ត៌មាន​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ទាំង​៤​បាន​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​ប្រឈម​នៅក្នុង​អាង​ទន្លេមេគង្គ​ហើយ​បាន​ប្តេជ្ញា​រួម​គ្នា​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​លើក​កំពស់​តួនាទី​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់ កិច្ចសហប្រតិបត្ដិការ​ដើម្បី​សម្រេចបាន​នូវ​ការគ្រប់គ្រង​ធនធានទឹ និង​ធនធាន​ពាក់ព័ន្ធ​ដ៏ទៃទៀត​ក្នុង​អាង​ទន្លេមេគង្គ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​ដ៏​សំខាន់​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២​នៅ​ឆ្នាំ​២០១៤ នៅ​ប្រទេស​វៀតណាម ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​ដៃគូ​សន្ទនា និង​ដៃគូ​អភិវឌ្ឍន៍​។​

​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ពិភាក្សា​ពី​ឱកាស និង​បញ្ហា​ប្រឈម​នានា​នៅក្នុង​អាង​ទន្លេមេគង្គ​ដូចជា​៖ បញ្ហា​សេដ្ឋកិច្ច​ឆាប់រហ័ស​កំណើនប្រជាជន កំណើន​តម្រូវការ​ទឹក ម្ហូបអាហារ ថាមពល​នគរូបនីយកម្ម ឧស្សាហូបនីយកម្ម ការបាត់បង់​សម្បត្តិ​បរិស្ថាន​ដូចជា​ដី​សើម ជលផល និង​ការកាប់​បំផ្លាញ​ព្រៃឈើ​ជា​ដើម ដែល​ទាំងអស់​នេះ​ទាមទារ​អោយ​រួមគ្នា​ដោះស្រាយ​ជា​បន្ត​បន្តបន្ទាប់​ទៀត​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទន្លេ​មេគង្គ​បាន​កំណត់​សកម្មភាព​អាទិភាព​ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង និង​លើកកម្ពស់​កិច្ច​ខិតខំ​រួមគ្នា​សម្រេច​អោយបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៅ​អាង​ទន្លេមេគង្គ​ដូចជា​៖
​លើកកម្ពស់​ការអនុវត្ត​ន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ឆ្នាំ​២០១៦-២០២០ ។​
​បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​នីតិវិធី​ទាំងអស់​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន​ទឹក​ដែល​ពាក់ព័ន្ធ​នៅ​អាង​ទន្លេមេគង្គ​។ ​​

បន្ត​ពង្រឹង​ដល់​សកម្មភាព​ត្រួតពិនិត្យ​តាម​វិមជ្ឈការ​នៅ​អាង​ទន្លេមេគង្គ​នៅ​ថ្នាក់ជាតិ​។

​​ពង្រឹង​ការ​អនុវត្ដ​ន៍ នៃ​ការឃ្លាំមើល​អាង​ទន្លេមេគង្គ​កណ្តាល​នៅ​កម្រិត​ថ្នាក់​តំបន់​។​

លើកកម្ពស់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គំនិត​ផ្តួចផ្តើម និង​យន្តការ​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​ក្រៅពីនោះ​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​អះអាង​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​លើកទឹកចិត្ត​ឱ្យ​គណៈកម្មាធិការ​ទន្លេមេគង្គ​ក្លាយ​ជា​និរន្តរភាព​ហិរញ្ញវត្ថុ​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០៣០ ហើយ​បន្ត​ពង្រឹង​តួនាទី​របស់​ក្រុមប្រឹក្សា​គណៈកម្មាធិការ​ចម្រុះ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ទន្លេមេគង្គ​គណៈកម្មាធិការ​ទន្លេមេគង្គ​ថ្នាក់ជាតិ​។ ជំរុញ​ឱ្យ​គណៈកម្មការ​ទន្លេមេគង្គ​បន្ត​ប្រមូលប្រាក់​ពី​ប្រភព​ផ្សេងៗ​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ខ្លួន​។​

​សន្និសីទ​សា​ព័ត៌មាន​ក៏​បាន​ប្រកាសថា កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៤​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​មេសា ឆ្នាំ​២០២២ នៅក្នុង​ប្រទេស​ឡាវ​។ ដូច្នេះ សេចក្តីប្រកាស​ខេត្តសៀមរាប​នេះ បាន​កំណត់​ទិសដៅ​ជា​យុទ្ធសាស្ត្រ​នាពេល​អនាគត​សម្រាប់​ជំរុញ និង​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​ការសហការ និង​ភាព​ជា​ដៃគូ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​អាង​ទន្លេមេគង្គ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×