ស្ត្រីវ័យក្មេងឥណ្ឌាម្នាក់ មានសំណាងអាចរួចផុតជីវិត បន្ទាប់ពីនាងបានប្រយុទ្ធជាមួយនឹងសត្វខ្លាមួយក្បាលដែលបានវាយប្រហារលើពពែរបស់គាត់។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍នេះ។
ស្ត្រីក្លាហានវ័យក្មេងនោះឈ្មោះ Rupali Meshram អាយុ ២៣ឆ្នាំ។ នាងបានរត់ចេញមកខាងក្រៅផ្ទះបន្ទាប់ពីឮពពែរបស់នាងស្រែក ហើយបានរើសដំបងមួយរួចវាយជាមួយខ្លា។
ក្រោយពេលខ្លាវាយប្រហារនាង ម្តាយរបស់នាងបានព្យាយាមជួយជីវិតនាង ដោយបានអូសនាងចូលក្នុងផ្ទះ។ ម្តាយរបស់ស្ត្រីនេះក៏ត្រូវរបួសផងដែរ។ ទាំងកូន ទាំងម្តាយសុទ្ធតែត្រូវរបួសដោយការវាយប្រហាររបស់ខ្លា ចំណែកពពែវិញ ត្រូវខ្លាខាំងាប់។
ក្រោយពេលត្រូវវាយប្រហារដោយខ្លា ស្ត្រីវ័យក្មេងនោះបានថតរូបរបស់នាងដោយមានឈាមនៅលើមុខពេញ។ ការប្រយុទ្ធជាមួយខ្លានេះកើតឡើងកាលពីសប្តាហ៍មុន ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា។
វេជ្ជបណ្ឌិតដែលបានព្យាបាលឲ្យនាង បានសរសើរចំពោះភាពក្លាហានរបស់នាងក្នុងការតទល់ជាមួយនឹងខ្លា ប៉ុន្តែគាត់និយាយថា ស្ត្រីនោះមានសំណាងដែរដែលមិនត្រូវសត្វសាហាវនោះខាំ។
នាងត្រូវរបួសតិចតួចនៅលើក្បាល ចង្កេះ ជើង និងដៃ ចំនែកម្តាយនាងត្រូវរបួសក្បែរភ្នែក។
ម្តាយនាងថ្លែងប្រាប់ BBC ដូច្នេះថា “ខ្ញុំគិតថាកូនស្រីរបស់ខ្ញុំនឹងស្លាប់ហើយ។ ខ្ញុំមានរម្មណ៍ភ័យនៅពេលឃើញកូនស្រីដែលប្រឡាក់ឈាមព្យាយាមយកដំបងវាយជាមួយខ្លា”។
បច្ចុប្បន្ននេះ ស្ត្រីក្លាហាននោះជាសះស្បើយពីរបួសទាំងអស់ ក្រោយពេលកើតហេតុអស់ ១០ថ្ងៃ៕ សុភ័ក្ត្រ