ស្វាយរៀង ៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងអនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានអំពាវនាវ ឲ្យពលរដ្ឋខ្មែរទាំងអស់គ្នាត្រូវរួមគ្នា ថែរក្សាតម្លៃសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សារធារណៈ និងប្រឆាំងដាច់ខាតជនឱកាសនិយម ឬក្រុមអគតិ ដែលមានបំណងមកបំផ្លិចបំផ្លាញសន្តិភាព ដែលរកបានដោយលំបាកនេះ។
ការអំពាវនាវបែបនេះ របស់នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញជាតំណាង ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ចូលរួមពិធីបុណ្យកាត់ឫសសីមាព្រះវិហារ នៅវត្តរស្មីបារមីព្រៃតាយ័ន្ត និងសមិទ្ធផលនានា ស្ថិតក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលចំណាយថវិកាសាងសង់អស់ប្រមាណជិត ៧០០លានរៀល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ ជៀង អំ បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែងទីណាមានទុកលំបាក ទីនោះពិតមានវត្តមានមន្ត្រី និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយជានិច្ច ដោយមិនរុញរានោះឡើយ។
នាយឧត្តមសេនីយ៍ ជៀង អំ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹនាំរបស់គណបក្សប្រជាជនកម្ពុជា បានតស៊ូរើបម្រាស់ពីការកាប់សម្លាប់ ក្រោមរបបដ៏ខ្មៅងងឹត «ខ្មែរក្រហម» ដែលបានកាប់សម្លាបជាតិសាសន៍ឯងឡើងរង្គាល ស្ទើរតែផុតពូជនោះឱ្យរស់រានមានជីវិតឡើងវិញ និងបានដឹកនាំប្រទេសពីគំនរផេះផង់ ពីបាតដៃទទេរ ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយកំណើនសេដ្ឋកិច្ចបានរីកលូតលាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើរមុខ ស្មើរមាត់ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប្រសិនបើក្រឡេកទៅមើលវិស័យព្រះពុទ្ធសាសនា នៅក្នុងសម័យអតីតកាលនោះ វត្តអារាម ត្រូវពួកអត់សាសនា យកទៅធ្វើជាគុក កន្លែងរោង និងដាក់គ្រាប់យុទ្ធោភណ្ឌទៅវិញ គ្មានទេព្រះសង្ឃ គ្មានទេពុទ្ធបរិស័ទ្ធ គឺត្រូវបានពួកនេះចាប់ផ្សឹកព្រះសង្ឃ ដើម្បីយកធ្វើជាកម្លាំងធ្វើស្រែចំការនៅតាមជនបទទៅវិញ។ តែបច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្ស ឱ្យយល់ដឹងពីអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ ស្គាល់គុណ ស្គាល់ទោស ហើយទីអារាម គឺជាថ្នាលបណ្ដុះណ្តាលធនធានមនុស្ស ឲ្យមានអនាគតភ្លឺស្វាង និងក្លាយជាថ្នាក់ដឹកនាំប្រទេស ប្រកបដោយគុណធម៌ផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យទទួលបានជោគជ័យ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋគ្រប់អាណត្តិបន្តទៀត៕វ៉ៃកូ