Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​អំពាវនាវ​ឲ្យ​ប្រជាជន​ធ្វើបាតុកម្ម​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ចេញ​ដីកា​បញ្ជា​ឲ្យ​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង

ភ្នំពេញ​៖ លោក​ព្រះរាជអាជ្ញារង សៀង សុខ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បញ្ជា​ឲ្យ លោក ឡេង សេងហុង ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចូល​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​បំភ្លឺ​លើ​ករណី ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន បាន​បញ្ជា​ឲ្យ ឈ្មោះ ឡេង សេងហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ទីកន្លែង​កំណើត​នៅ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ឲ្យ​ចូល​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​បំភ្លឺ លើ​ករណី ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​។​

​សូមបញ្ជាក់ថា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាលពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧ បានចេញ​សេចក្តីអំពាវនាវ​ដល់​ស​មា​ជិ​ក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ត្រៀម​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ របស់ខ្លួន​ដើម្បី​បាតុកម្ម អហិង្សា​ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​។​

​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​បញ្ជាក់ថា ស្មារតី​នេះ ដើម្បី​ការពា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​តុលាការ បញ្ឈប់​ជាបន្ទាន់​នូវ​ការប៉ុនប៉ង​ណាមួយ​ដើម្បី​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ហើយនឹង​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ជាង​៣​លាន​នាក់​។​

​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា សង្ឃឹមថា សមាជិក សមាជិកា និស្សិត សិស្ស យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ ដែល​ខ្លួន​មាន​ចូលរួម​ធ្វើបាតុកម្ម​អហិង្សា ដើម្បី​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់ និង​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​គ្រប់ៗ​គ្នា​៕ ដោយ​៖​ជាលី​

×