ត្បូងឃ្មុំ៖ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា ក្រៅពីជោគជ័យលើការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យហើយ គឺកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងបានក្លាយជាប្រទេសគោលដៅដែលមានភាពទាក់ទាញបំផុត សម្រាប់វិស័យ ទេសចរណ៍ និងវិនិយោគ។
សម្តេចប្រធានរដ្ឋសភា បានបន្តថា សម្តេច និងភរិយា បានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជនីរង្សី ដែលបង្ហាញពីកម្លាំងសាមគ្គីភាព សំដៅលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស រុងរឿងជារៀងរហូត ព្រោះប្រជាជនខ្មែរប្រមាណ៩៥ភាគរយ គោរពព្រះពុទ្ធសាសនា ហើយចាត់ទុកវត្តអារាមមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
សម្តេពញាចក្រី ហេង សំរិន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំត្រូវខិតខំប្រឹងប្រែង និងជំនះគ្រប់ឧបសគ្គ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន និងលើកកម្ពស់កិត្យានុភាពជាតិឲ្យលេចធ្លោនៅលើឆាកអន្តរជាតិ ហើយថ្វីបើសមិទ្ធផលនៅមិនទាន់មានគ្រប់គ្រាន់ស្របនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ ក៏រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបំពេញនូវកង្វះខាត ហើយការខិតខំទាំងអស់អាចកើតឡើងបានលុះត្រាណាតែប្រទេសជាតិ មានសុខសន្តិភាពស្ថិរភាព មានធនធាន មនុស្សគ្រប់គ្រាន់ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។
សម្តេច ហេង សំរិន ៖ យើងត្រូវបន្តពង្រឹងសាមគ្គីភាពជាតិ ប្រមូលផ្តុំធនធានមនុស្ស ដោយមិនប្រកាន់និន្នាការនយោបាយ ភេទ អតីតកាល ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម ដោយឈរលើមូលដ្ឋានគោរពប្រតិបត្តិ ខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ហើយត្រូវរក្សាការពាររាល់សមិទ្ធផល ដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ និងធានាសម្រេចជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងដំណើរការការពារ និងកសាងមាតុភូមិយើង។
ប្រជាពលរដ្ឋនៅក្នុងភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាចំណុះជើងវត្តអារញ្ញារាមហៅវត្តមេម៉ៃ មានក្តីសប្បាយរីករាយជាខ្លាំង ក្នុងការធ្វើបុណ្យទាន នៅពេលព្រះវិហារថ្មីរបស់វត្ត ត្រូវប្រារព្ធពិធីកាត់ឬសសីមា ដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នោះ។ មិនត្រឹមព្រះវិហារថ្មីទើបសាងសង់ហើយបានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាស្រែបុណ្យនោះទេ នៅក្នុងឱកាសនេះ សមិទ្ធផលថ្មីៗផ្សេងទៀតបម្រើដល់វិស័យព្រះពុទ្ធ ក៏ត្រូវបានប្រកាសឧបត្ថម្ភសាងសង់បន្ថែមក្រោម ការយកចិត្តទុកដាក់ពីសំណាក់សម្តេចប្រធានរដ្ឋសភាផងដែរ។
លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការជួបជុំពលរដ្ឋក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នាពេលនេះ មិនត្រឹមឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព វិស័យព្រះពុទ្ធសាសនានោះទេ តែបានបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ប្រទេសជាតិគ្រប់ វិស័យ ទាំងខាងអាណាចក្រ និងពុទ្ធចក្រ ក្រោមការយកចិត្តទុកដាក់ពីស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ព្រះវិហារថ្មីដែលប្រារព្ធពិធីបញ្ចុះខណ្ឌសីមានាឱកាសនេះ បានចំណាយថវិកាសាងសង់អស់ជាង១៨ម៉ឺនដុល្លារ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវសេចក្តីកោតសរសើរប្រគេនចំពោះព្រះតេជព្រះគុណ ព្រះគ្រូចៅ អធិការវត្តអារញ្ញារាម ប្រជាពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ទាំងអស់ ដែលបានរួមចំណែកប្រកបដោយសទ្ធាជ្រះថ្លា ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមមាន ព្រះវិហារថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងវត្តអារញ្ញារាមនេះ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាវឌ្ឍនភាពដ៏ប្រសើរនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសបង្កើនកម្រិតជីវភាពរស់នៅ និងមានប្រាក់ ចំណូលកាន់តែសមរម្យឡើង ឆ្លើយតបនឹងការវិវឌ្ឍនៃសាកលភាវូបនីយកម្ម។ នៅឆ្នាំ២០១៨នេះ ប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បានកើនដល់ជាង១លានរៀល ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការី និយោជិត ក៏បានកើនឡើងដល់១៧០ដុល្លារក្នុង មួយខែផងដែរ។
សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍ និងជីវភាពរស់នៅកាន់តែប្រសើរឡើង។ នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបំពាក់គ្រឿងឥស្សរិយយសកសាងជាតិ ប្រគេនព្រះសង្ឃ ជនសប្បុរសជន មន្ត្រីរាជការ ដែលបានចូលរួម ចំណែកថវិកា និងកម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕ ដោយ៖បញ្ញាស័ក្តិ