ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
សេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៨ មានគោលបំណងធានាដល់សិទ្ធិក្នុងការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ខ្លួនបាត់ ឬខូច ។ គ.ជ.ប បានធ្វើការណែនាំ ៖ ប្រភេទឯកសារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត រួមមាន អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ទាំងបីប្រភេទ រួមមាន ប្រភេទទី១ ឬទី២ ឬទី៣។ ឯកសារបញ្ជាក់អត្ដសញ្ញាណ បម្រើឲ្យការបោះឆ្នោត (ឯ.អ) និង ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ (ឯ.អ) ដែលមានបញ្ជាក់ពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ដោយ គឃ.សប៕ ដោយ ៖ បញ្ញាស័ក្តិ