ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានចេញរបាយការណ៍នៃការព្យាបាលជំងឺជូនកុមារក្រីក្រកម្ពុជា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៧នេះ ដោយក្នុងនោះមានកុមារប្រមាណជិត៨សែននាក់ មកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យមួយនេះ ខណៈពេលដែលស្ថាបនិកមូលនិធិគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Dr Beat Richner កំពុងមានជំងឺធ្ងន់សម្រាកព្យាបាលជំងឺនៅក្រៅប្រទេស។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០១៧ បានបង្ហាញថា ក្នុងរយៈ១០ខែឆ្នាំ២០១៧នេះ កុមារមានជំងឺចំនួន៧៩១.៤៩១នាក់ ត្រូវបាននាំមកពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ក្នុងនោះកុមារមានជំងឺធ្ងន់ៗចំនួន១៣០.៣០៥នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កុមានចំនួន២.០៥៩នាក់មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ ។ កុមារចំនួន៣.៣០៦នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មានការវះកាត់ចំនួន២១.៤៣៤នាក់។ វះកាត់បេះដូងនិងឆ្លុះភ្ជិតសរសៃបេះដូងបានចំនួន៤១៥នាក់ ។
របាយការណ៍ដដែល បានបន្តថា នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រិមានផ្ទៃពោះចំនួន១២៨.៩៨៥នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព។ សម្រាលកូនបានចំនួន២០.៦៩៧នាក់។
មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា គ្រួសារអ្នកជំងឺភាគច្រើន មានជីវភាពទីទ័លក្រ ហេតុនេះហើយ ទើបរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ហើយជាពិសេសកុមារដែលមានជំងឺធ្ងន់ៗបំផុត នឹងពុំមានសំណាងទេ បើពុំបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះ៕ ដោយ៖កូឡាប