ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជើងហោះហើរភ្នំពេញ បាងកក នឹងចាប់ផ្តើមដំណើរការឡើងវិញ ដែលគ្រោងហោះហើរនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ។
ក្រុមហ៊ុនខេមបូឌាអ៊ែផត បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ជើងហោះហើរត្រង់ ភ្នំពេញ-បាងកក [PNH-BKK] នឹងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលបានបើកឱ្យកក់សំបុត្រយន្តហោះ។
អ្នកដំណើរ ត្រូវអនុវត្តតាមវិធានការរបស់ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ការបើកដំណើរការជើងហោះហើរ ភ្នំពេញ-បាងកក ត្រូវបានប្រកាស បន្ទាប់ពីក្រុមហ៊ុនខេមបូឌាអ៊ែផត បានឱ្យដឹងនៅរសៀល ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ ក៏នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ខ្មែរចំនួន ២ បានចាប់ផ្តើមប្រតិបត្តិការហោះហើរឡើងវិញ រវាងទីក្រុងភ្នំពេញ និង ទីក្រុងបាងកក។ ក្រុមហ៊ុនទាំងពីរនោះ គឺក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី អ៊ែរឡាញ និងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្រកាសថា នៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន នឹងចាប់ផ្តើមជើងហោះហើរពីភ្នំពេញទៅបាងកកដំបូង បន្ទាប់ពីពន្យារពេលអស់ជាងមួយឆ្នាំ។ ចាប់ផ្តើមពីថ្ងៃបុណ្យអុំទូកនេះតទៅ តម្លៃរួមបញ្ចូលពន្ធមួយជើង ចាប់ពី ១៩៩ ដុល្លារ ខណៈតម្លៃសរុបក្នុងការធ្វើដំណើរទាំងទៅមក តម្លៃទាបចាប់ពី ៣៩៩ ដុល្លារអាមេរិក៕