ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំដល់អភិបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមការិយាល័យច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ និងអតិថិជន ឱ្យមានតម្លាភាព កាត់បន្ថយពេលវេលា និងលុបបំបាត់អំពើពុករលួយ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការផ្តល់សេវារដ្ឋបាល ជូនដល់ប្រជាពលរដ្ឋ ដោយមានការចូលរួមលោក លោកស្រីជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក ការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំ ដោយតាមដានត្រួតពិនិត្យ កែលម្អ និងជម្រុញការផ្តល់សេវាសាធារណៈ នៅតាមអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយ នៅតាមក្រុងស្រុក។
ឯកឧត្តមអភិបាលខេត្តបន្តថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ កំពុងអនុវត្តសេវាចំនួន១២ ដែលបានប្រតិភូកម្មពីក្រសួង មន្ទីរ អង្គភាពនាពេលកន្លងមក ក៏ប៉ុន្តែមានសេវាមួយចំនួនមកដល់ពេលនេះ មិនទាន់បានដំណើរការនៅឡើយ។ ចំពោះក្រុងស្រុក ត្រូវរកធាតុចូល ដើម្បីធ្វើការជជែក ពិភាក្សា ពិចារណាទាក់ទងនឹងប្រភេទសេវា ដែលមិនមានអតិថិជនមកសុំសេវានៅតាមច្រកចេញចូលតែមួយក្រុងស្រុករបស់ខ្លួន។
“យើងត្រូវបង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យបានលឿន មានតម្លាភាព និងលុបបំបាត់អំពីពុករលួយ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការមកទទួលសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់យើង។ រាជរដ្ឋាភិបាលកម្ពុជា បានរំកិលសេវាឱ្យមកកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះយើងជាអ្នកផ្តល់សេវាត្រូវរួមគ្នារកដំណោះស្រាយ ពិនិត្យ និងពិចារណាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអតិថិជនរបស់យើង ឱ្យកាន់តែរហ័ស លឿន តម្លាភាព និងភាពជឿជាក់ពីប្រជាពលរដ្ឋ” ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប