Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ដល់​កងកម្លាំង ក្តាប់​សភាពការណ៍ ករណី​មានការ​តវ៉ា​ឲ្យ​មានការ​ដោះលែង​កឹម សុខា

​ភ្នំពេញ ៖ ខណៈពេលដែល​ថ្ងៃស្អែក តុលាការ​កំពូល​បើកសវនាកា​រ​ជម្រះក្តី បុគ្គល កឹម សុខា ពាក់ព័ន្ធ​ករណី​ក្បត់ជាតិ ឃុបឃិត​ជាមួយនឹង​បរទេស​នោះ ត្រូវបាន​អភិបាល​រាជធានី បាន​ណែនាំ​ដល់​កងកម្លាំង ត្រូវ​ក្តាប់​សភាពការណ៍​នេះ ឲ្យ​យ៉ាង​ច្បាស់លាស់ និង​ស្រាវជ្រាវ ទប់ស្កាត់ ស្វែងយល់​បន្ថែមទៀត ខណៈដែល​ក្រុម​សំឡេង​ភាគតិច​នេះ កំពុង​កៀរគរ​ប្រជាពលរដ្ឋ មក​តវ៉ា​ប្រឆាំងនឹង​តុលាការ ដើម្បី​ដោះលែង​កឹម សុខា នៅក្រៅ​ឃុំ ។

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ការវិវត្តន៍​សភាពការណ៍​នយោបាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តុលាការ​បានធ្វើ​ការចាប់​ខ្លួន ជន​ក្បត់ជាតិ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើការ​កាត់ទោស​ដោយ​មា​ភស្តុតាង​ដែលមាន​ជាង​២០​សំណុំរឿង ។​

​ក្នុង​ពិធី​ចែក​ម៉ូតូ រថយន្ត និង​រ៉ឺម៉ក់​ម៉ូតូ ជាង​១០០​គ្រឿង ដល់​នគ​បាល និង​រដ្ឋបាល​ខណ្ឌ​ទាំង​១២ កាលពី​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ផ្ទាល់ ដល់​កងកម្លាំង​នគរបាល​ថា កងកម្លាំង​នគរបាល​ទាំងអស់​ពិតជា​បានដឹង​សភាពការណ៍​នេះ​យ៉ាងច្បាស់​លាស់ ហើយ​ត្រូវ​ស្វែងយល់​បន្ថែមទៀត ថា​តើ​ហេតុ​បានជា​តុលាការ​ធ្វើការ​ចាប់ខ្លួន​កឹម សុខា ហើយ​ឈានទៅដល់​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស ធ្វើការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ ចំណុច​នេះ កងកម្លាំង​នគរបាល​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ ត្រូវ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​អំពី​បញ្ហា​នេះ​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​តាម​ព័ត៌មាន​ឮថា​នៅ​ថ្ងៃស្អែក (៣១​តុលា​) នឹងមាន​ការ​កៀរគរ​កម្លាំង​ពី​ក្រុម​ភាគតិច​បំផុត មក​ធ្វើ​ការតវ៉ា នៅ​តុលាការ​កំពូល នៅពេលដែល​តុលា​ការរៀបចំ​កាត់ក្តី កឹម សុខា ដែល​សុំ​នៅក្រៅ​ឃុំ​និង​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​គេ​មក​តវ៉ា​ដើម្បី​ឲ្យ​កឹម សុខា នៅក្រៅ​ឃុំ​។


​សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ដូច្នេះ​ថា ការតវ៉ា​របស់ខ្លួន​ជាមួយនឹង​តុលាការ​ជា​អំពើ​ខុសច្បាប់​ដែល​មិនអាច​អត់ឱន​ឲ្យ​បាន ។ វា​គ្មាន​សិទ្ធិ​ណា​ទៅ​ប្រឆាំងនឹង​តុលាការ​ទេ ប្រជាពលរដ្ឋ​ត្រូវ​ចាំ​ឲ្យ​បាន​ច្បាស់ ហើយ​ពេលកន្លងមក​មានការ​ចេញ​តវ៉ា​ឲ្យ​មានការ​ដោះលែង​អ្នកនេះ​ដោះលែង​អ្នកនោះ នៅមុខ​តុលាការ​ដំបូង មុខ​តុលាការ​កំំ​ពូ​ល ហើយ​សួរថា​ចុះ​កាលណោះ​ម៉េច​ក៏​មិន​ធ្វើ ប៉ុន្តែ​នៅពេលនេះ​ម៉េច​បានធ្វើ​។ អាជ្ញាធរ​ដែនដី មិន​ចេះតែ​ចង់​ធ្វើ​នោះទេ ត្រូវមាន​ការណែនាំ ប៉ុន្តែ​លើក​នេះ​មិនអាច​ណែនាំ​កើត​ទៀត​ទេ​។​

​លោក​បញ្ជាក់ថា ចុះ​ហេតុអ្វី លើក​នេះ​មិន​ណែនាំ ព្រោះ​បាន​ណែនាំ​ច្រើនដង​ហើយ រាប់​ភ្លេច​ហើយ​។ ថា​ឡើង​សម្តែង​សិទ្ធិ​បញ្ចេញមតិ ទាមទារ​ផ្តល់​គោលនយោបាយ ត្រូវ បញ្ចេញមតិ​សុំ​ផ្តល់​គោលនយោបាយ​ឡើង​ប្រាក់ខែ ត្រូវ ប៉ុន្តែ​បើ​បញ្ចេញមតិ​សុំ​ឲ្យ​តុលាការ​ដោះលែង ខុស អត់​មាន​មិនមាន​ការបញ្ចេញ​បែបនេះ​ទេ ហើយ​ប្រជាពលរដ្ឋ​មិនត្រូវ​មក​បញ្ចេញមតិ​របៀបនេះ​ទេ អ្នកណា​ក៏ដោយ​ប្រជាធិបតេយ្យ​ក៏ដោយ ស្អី​ក៏ដោយ​គឺ​ស្ថិតនៅក្នុង​រង្វង់​ច្បាប់​។ លទ្ធិប្រជាធិបតេយ្យ​ស្ថិតនៅ​រង្វង់​ច្បាប់ វា​អត់​អាច​ចេញពី​រង្វង់​ច្បាប់​បានទេ បើកាលណា​ចេញពី​រង្វង់​ច្បាប់ គឺ​អនាធិបតេយ្យ ហើយ​ការតវ៉ា​បែប​អនាធិបតេយ្យ​គឺជា​បទល្មើស​។ ដូច្នេះ​កងកម្លាំង​នគរបាល​ក្នុង​មូលដ្ឋាន​ទាំង​១២​ខណ្ឌ ត្រូវ​គិតគូរ​អំពី​បញ្ហា​នេះ ដើម្បី​ពិនិត្យមើល​ឡើងវិញ និង​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ចំពោះ​អ្នក​ដែល​តវ៉ា​ជាមួយនឹង​តុលាការ មិនអាច​អត់ឱន​ឲ្យ​បានទេ ។ រឿងនេះ​មាន​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដែរ ហើយ​ក៏បាន​អប់រំ​ណែនាំ​ច្រើនដង​មកហើយ​ដែរ ។ ការអនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​បំផុត ដើម្បី​ស្វែងរក​សុខសន្តិភាព​ជូន​ប្រជាជន​កម្ពុជា មិនអាច​ឲ្យ​មាន​ជន​មួយចំនួន​តូច​មក​ធ្វើ​ចលាចល​បាន​នោះទេ ។ នាពេល​កន្លងមកនេះ សូម​សរសើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​មិនបាន​យក​ខួរក្បាល​មក​គិត​រឿងនេះ​ទេ ហើយ​ជាពិសេស​ប្រជាពលរដ្ឋ​កំពុងតែ​សប្បាយ​ជាមួយនឹង​ការរៀបចំ​តុបតែង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក មិនដែល​គិត​រឿងនេះ​ទេ ពួកគាត់​ទទួល​អត់​បានទេ ។ ការឃុបឃិត​ជាមួយនឹង​បរទេស មក​ផ្តួលរំលំ​រាជរដ្ឋាភិបាល ហើយ​មាន​យន្តការ​នាំ​ក​ន្លាំ​ង​មក​តវ៉ា​ជាមួយនឹង​តុលាការ ដើម្បី​ធ្វើការ​ដោះលែង​កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ គឺ​អត់​បាន​”​។​

​លោក​បាន​បញ្ជាក់ថា ការមិន​អនុញ្ញាត​ឲ្យ​មាន​ការតវ៉ា ដើម្បី​ថែរក្សា​សន្តិភាព ឈានទៅរក​ការអភិវឌ្ឍ​។ ប្រទេស​យើង​បាន​ឆ្លងកាត់​វិនាសកម្ម​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ ហើយ​ទើប​បញ្ចប់សង្គ្រាម​នៅ​ឆ្នាំ​២០០៨ ។ ការតវ៉ា​នេះ​ដើម្បី​ចង់​បង្ក​វិនាសកម្ម ដោយ​ការមិន​ពេញចិត្ត​ក្នុងការ​ដឹកនាំ​របស់​យើង ដែល​បាន​រំដោះ​យើង​ចេញ​ឲ្យ​មាន​រស់រានមានជីវិត ។ ការតវ៉ា​នេះ​ដោយ​គេ​មិន​ពេញចិត្ត ហើយ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​កម្ចាត់​មេដឹកនាំ​របស់​យើង ដូច្នេះ​យើង​មិនអាច​ទទួល​បានទេ​។ កងកម្លាំង​ត្រូវ​ស្តាប់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល ត្រូវ​ស្តាប់​បទបញ្ជា​មេដឹកនាំ ត្រូវតែ​គោរព​វិន័យ​បទបញ្ជា​ថ្នាក់លើ ការពារ​ដាច់ខាត​រាជ​រដ្ឋាភិបាល​ស្របច្បាប់ ការពា​រដ្ឋធម្មនុញ្ញ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ហើយ​ជា​ចំណុច​សំខាន់​ដែល​កងកម្លាំង​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ និង​ត្រូវ​ត្រួតពិនិត្យ ស្រាវជ្រាវ​ទប់ស្កាត់ គ្រប់បែបយ៉ាង​ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​សុខ​សុវត្ថិភាព និង​បម្រើ​ប្រជាពលរដ្ឋ​ដើម្បី​មាន​សុខដុម​នីយកម្ម ឲ្យ​មាន​ប្រទេសជាតិ ចៀស​ផុតពី​សង្គ្រាម​ដែល​គេ​ប៉ុនប៉ង​បង្កឡើង នៅ​កម្ពុជា​។

​មេធាវី​ដែល​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ត្រៀម​ឯកសារ​រួចរាល់​ហើយ ក្នុងការ​ដោះ​បន្ទុក នៅ​ថ្ងៃ​បើកសវនាការ នៅឯ​តុលាការ​កំពូល ខណៈ​អគ្គ​ព្រះរាជអាជ្ញារង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល បានចេញ​សេចក្ដីជូនដំណឹង ដោយ​កំណត់​យក​ថ្ងៃទី​៣១ តុលា ដើម្បី​បើក​ការជំនុំជម្រះ លើ​បណ្ដឹងសាទុក្ខ របស់​ក្រុម​មេធាវី​ប្រឆាំង​ទៅនឹង​សេចក្ដីសម្រេច របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដែល​បាន​តម្កល់​ដីកាឃុំខ្លួន​លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ទុកជាបានការ​ដដែល​។​

​នៅសល់​ពេល​ប្រមាណ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​ជំនុំជម្រះ​មុន​អង្គសេចក្ដី ដែល​ប្រឆាំង​ទៅនឹង​ការសម្រេច​របស់​សាលាឧទ្ធរណ៍ នឹងត្រូវ​ចាប់ផ្ដើម ។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុងភ្នំពេញ ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ ។ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា សាលាឧទ្ធរណ៍​បានសម្រេច​ទាត់ចោល លើ​បណ្ដឹង​ប្រឆាំងនឹង​ដីកាឃុំខ្លួន ហើយ​សេចក្ដីសម្រេច​នៅពេលនោះ របស់​សភា​ស៊ើបសួរ ក៏បាន​តម្កល់​ដីកា​ឃុំ​របស់​តុលាការក្រុង​ភ្នំពេញ​ទុកជា​បាន​ដដែល​។

​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ចោទ​ពី​ទោស​ក្បត់ជាតិ ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​៕ ដោយ​៖​កូ​ឡាប​

 

×