ភ្នំពេញ៖ គិតត្រឹមឆមាសទី ១ឆ្នាំ ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញស្ថិតិថា ប្រទេសកម្ពុជា បានទទួលការវិនិយោគផ្ទាល់ពីបរទេសមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៩ពាន់លានដុល្លារ មានកំណើន ៩,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
ស្ថិតិធនាគារជាតិនៃកម្ពុជា បានបង្ហាញទៀតថា ប្រទេសវិនិយោគសំខាន់ៗរួមមាន៖ ប្រទេសចិន ក្លាយជាប្រភពវិនិយោគឈរលើកំពូលតារាងជាមួយតម្លៃទុន ១៧,៣ពាន់លានដុល្លារ ដែលមានចំណែកវិនិយោគ ៤៤,២% នៃវិនិយោគផ្ទាល់ពីបរទេសសរុប ខណៈតាមពីក្រោយដោយវិនិយោគកូរ៉េខាងត្បូង មានតម្លៃទុន ៤,១ពាន់លានដុល្លារ ស្មើនឹង ១០,៦% បន្ទាប់មកវិនិយោគពីវៀតណាម មានតម្លៃទុន ២,៥ពាន់លានដុល្លារ ស្មើនឹង ៦,៣% ចំណែកសិង្ហបុរី មានទុនវិនិយោគ ២,៤ពាន់លានដុល្លារ ស្មើនឹង ៦,២%។
ចំណែកឯ ការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនវិញ មានតម្លៃទុន ២,៣ពាន់លានដុល្លារ ស្មើនឹង ៥,៩%, ម៉ាឡេស៊ី មានទុនវិនិយោគ ១,៨ពាន់លានដុល្លារ ស្មើនឹង ៤,៧%, ថៃ មានទុនវិនិយោគ ១,៨ពាន់លានដុល្លារ ស្មើនឹង ៤,៦%, ចក្រភពអង់គ្លេស មានតម្លៃទុនវិនិយោគ ១,៣ពាន់លានដុល្លារ ស្មើនឹង ៣,៤%, កាណាដា មានតម្លៃទុនវិនិយោគ ១ពាន់លានដុល្លារ ស្មើនឹង ២,៤% និងសហរដ្ឋអាមេរិក មានទុនវិនិយោគ ៨០០លានដុល្លារ ស្មើនឹង ២%។ លំហូរវិនិយោគទាំងនេះ បានគ្របដណ្តប់លើវិស័យសំខាន់ៗ ដែលរួមមាន៖ វិស័យហិរញ្ញវត្ថុ ២១,៩% វិស័យកម្មន្តសាល ២០,៨% វិស័យអចលនទ្រព្យ ១២,២% វិស័យ សណ្ឋាគារ និងភោជនីយដ្ឋាន ១១% វិស័យកសិកម្ម ១០,៧% វិស័យអគ្គិសនី ៦,៣% វិស័យសំណង់ ៣,៧% និងវិស័យផ្សេង ៗទៀត ១៣,៤%។
គួរបញ្ជាក់ថា បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែឆ្នាំ ២០២១នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៣៤គម្រោង ដែលមានតម្លៃទុនវិនិយោគសរុបចំនួនជាង ៣,៣ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំ ២០២១នេះ។ តួលេនេះ បានធ្លាក់ចុះ ២៨,៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ដែលមានគម្រោងវិនិយោគសរុប ១៨៨គម្រោង និងតម្លៃទុនវិនយោគជាង ៦,៤ពាន់លានដុល្លារ៕