ភ្នំពេញ ៖ អគ្គិភ័យបានឆេះបន្ទប់លេខ១៤និង១៨ជាន់ទី២របស់ខារ៉ាអូខេកូប្រាហ្គោល ត្រូវបានកម្លាំងនគរបាលពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់ បណ្តាលឲ្យសន្លប់៣នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២៣និង៥០នាទី នៅចំណុចអគារលេខ១៥អា ផ្លូវលេខ២៥៤ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ខារ៉ាអូខេកូប្រាហ្គោលឈ្មោះ ហ៊ុន គឹមជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ចំណែកសម្ភារៈខូចខាតដោយភ្លើងឆេះក្នុងបន្ទប់លេខ១៤ និងលេខ១៨ ទាំងស្រុង។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១២គ្រឿង បាញ់អស់ចំនួន ៤៨គ្រឿង ស្មើនឹង១៨២ម៉ែត្រគូប។ ក្នុងកិច្ចការជួយសង្គ្រោះខាងលើបណ្តាលឱ្យកម្លាំង ការិយាល័យជំនាញបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៣នាក់ សន្លប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យឆេះខារ៉ាអូខេនេះ បណ្តាលមកពីឆេះកង្ហាបឺតខ្យល់ ក្នុងបន្ទប់លេខ១៨ ហើយឆ្លងចរន្តអគ្គិសនីឆេះសន្ធោសន្ធៅតែម្តង ៕ ដោយ៖បញ្ញាស័ក្តិ