មន្រ្តីយោធាមីយ៉ាន់ម៉ាបានចេញមកបញ្ជាក់ថា មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជីត្រូវ បានបញ្ចូនទៅពន្ធនាគាររយៈពេល៤ឆ្នាំ ក្រោមបទចោទញុះញង់ឱ្យមានភាពចលាចល និងរំលោភបំពានលើបទបញ្ញាត្តិច្បាប់កូវីដ១៩កាលពីថ្ងៃទីចន្ទទី០៦។
លោកស្រី អ៊ុងសានស៊ូជី ដែលបច្ចុប្បន្នមានអាយុ៧៦ឆ្នាំទៅហើយនោះ ត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្រោមមាត្រា៥០៥ និង២ឆ្នាំផ្សេងទៀតក្រោមច្បាប់ស្តីពីគ្រោះមហន្តរាយធម្មជាតិ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យមេដឹកនាំយោធាលោក Zaw Min Tun។
បន្ថែមពីនេះ អតីតប្រធានាធិបតីលោក Win Myint ក៏ត្រូវបានបញ្ចូនខ្លួនទៅកាន់ពន្ធនាគាររយៈពេលដូចគ្នាទៅនឹងលោកស្រីអ៊ុងសានស៊ូជីផងដែរ។ ហើយសម្រាប់អតីតអ្នកដឹកនាំទាំងពីររូប នឹងមិនទាន់ត្រូវបានបញ្ចូនទៅកាន់ពន្ធនាគារភ្លាមៗនោះទេ។ លោកZaw Min Tun បានបញ្ជាក់ថា ៖«ពួកគេត្រូវនៅឆ្លើយសំណួរចំពោះការចោទប្រកាន់ផ្សេងទៀតអំពីទីតាំងដែលពួកគេកំពុងរស់នៅបច្ចុប្បន្នទៀត។»
គួររំលឹកថា ចាប់តាំពីរដ្ឋប្រហារយោធានៅថ្ងៃទី០១ កុម្ភៈមក មេដឹកនាំដែលត្រូវទម្លាក់ចេញរូបនេះ ធ្លាប់រងបទចោទជាច្រើនមកហើយ រួមទាំងបទញុះញង់ឱ្យមានអំពើពុករលួយ ការបះបោរនិងលួចបន្លំសន្លឹកឆ្នោតជាដើម។ ក្នុងនោះ លោកស្រីនឹងអាចប្រឈមមុខទៅនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើលោកស្រីត្រូវបានកាត់ទោសនូវបទឧក្រិដ្ឋកម្មដែលលោកស្រីបានប្រព្រឹត្ត។
មែនទែនទៅ អ្នកសារព័ត៌មានមិនអាចចូលរួមក្នុងការកាត់ក្តីរបស់តុលាការជាលក្ខណៈពិសេសនេះបាននោះទេ ហើយមេធាវីលោកស្រីអ៊ុងសានស៊ូជីក៏ត្រូវបានរារាំងមិនឱ្យធ្វើបទសម្ភាសន៍ផងដែរ។ បើយោងតាមសមាគមសម្រាប់ជំនួយខាងនយោបាយ ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកស្រីអ៊ុងសានស៊ូជីមក កងទ័ពបានបង្ក្រាបក្រុមបាតុកម្មប្រឆាំងរបបនេះយ៉ាងហិង្សាក្នុងសកម្មភាពដែលនាំឱ្យមានការចាប់ខ្លួនមនុស្សប្រហែល១ម៉ឺននាក់ និងជនស៊ីវិលយ៉ាងតិច១.៣០០នាក់ស្លាប់៕ ប្រភព៖ Agencia Brasil