ភ្នំពេញ៖ យុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅថៃ ដើម្បីដោះស្រាយនូវសំណូមពរ និងជំរុញក្រុមការងារទាំងអស់ ត្រូវបង្កើនការផ្តល់សេវាជូនបងប្អូនពលករ ដែលបានមកបើកផ្តល់លិខិតឆ្លងដែន ខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស និងបងប្អូនដែលមកស្នើសុំ បញ្ជាក់អត្តសញ្ញាណ ពីក្រុមការងារអន្តរក្រសួងចល័ត ទាំងបីការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
បើតាមលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧នេះ ចាប់ពីខែតុលា ឆ្នាំ២០១៧នេះ គេបានឃើញវត្តមានមន្ត្រីកម្ពុជាប្រមាណជា ៣៥០នាក់ បានបង្ហាញខ្លួន ក្នុងស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក ផ្សារ BIG C Ladphrao ក្នុងទីក្រុងបាងកក ផ្សារអូថប់ម៉ាយ៉ង ក្នុងខេត្តរ៉ាកយ៉ង ផ្សារហ្វុកទៀន ក្នុងខេត្តសុងក្លា ខេត្តឆាក់ជើងសាវ និងខេត្តផាធុមថានី នៃប្រទេសថៃ។
បើតាមអ្នកនាំពាក្យ បានបន្តថា ជារៀងរាល់ថ្ងៃមន្ត្រីទាំងអស់ ត្រូវក្រោកពីព្រលឹម ដើម្បីរៀបចំការិយាល័យ និងឧបករណ៍ សម្ភារៈបរិក្ខាអេឡិកត្រូនិក របស់ខ្លួននៅមុនម៉ោង ៨ព្រឹក (មុនម៉ោង ៩:៣០នាទី សម្រាប់នៅផ្សារ BIG C) និងបញ្ចប់ការងាររបស់ខ្លួន នៅម៉ោងប្រមាណជាង ៧យប់ (ម៉ោង៩យប់ សម្រាប់នៅផ្សារ BIC C)។ មន្ត្រីទាំងអស់ត្រូវធ្វើការយ៉ាងតិច ១០ម៉ោង ក្នុង១ថ្ងៃ និងធ្វើការ ៦ថ្ងៃ ក្នុង១អាទិត្យ។ នេះគឺជារឿងពិត នៃយុទ្ធនាការផ្តល់ភាពស្របច្បាប់ ដល់ពលករខ្មែរនៅប្រទេសថៃ។ ថ្នាក់ដឹកនាំនៃគណៈកម្មការ ផ្តល់ភាពស្របច្បាប់ ក៏បានខិតខំ ឆ្លៀតពេលវេលា ដ៏មមារញឹកចុះដឹកនាំប្រជុំ ត្រួតពិនិត្យ និងកែសម្រួលការងារជាបន្តបន្ទាប់ ទៅតាមសំណូមពររបស់ពលករកម្ពុជាផង និងសំណូមពររបស់ភាគីថៃផង។
លោកបានបន្តថា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ គណៈកម្មការ បានបើកផ្តល់លិខិតធ្វើដំណើTD និងប័ណ្ណពលករកម្ពុជា OCWC ក្នុងថ្ងៃតែមួយដល់ពលករកម្ពុជា ដែលបានចុះបញ្ជីជាមួយភាគីថៃ នាអំឡុងខែសីហា និងកញ្ញា ឆ្នាំ២០១៧ កន្លទៅនេះ បានចំនួន ១.២០០នាក់ ក្នុងមួយថ្ងៃផងដែរ។ គណៈកម្មការ នឹងស្នើសុំការសហការ ជាមួយភាគីថៃ ឱ្យបង្កើនការចេញលេខរៀងណាត់ជួបឱ្យកើនដល់ ១.៤០០នាក់ ក្នុង១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តទៅ។
លោកហេង សួរ បានបន្ថែមថា “ពលករកម្ពុជា ដែលមកទទួលសេវា គឺមានភាពរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីយើង រីរ TD និងប័ណ្ណពលករកម្ពុជា (OCWC) ដល់ពលករកម្ពុជាបានចំនួនជាង ១០ម៉ឺននាក់ ដើម្បីយកទៅបន្តនីតិវិធី ទទួលបានភាពស្របច្បាប់ពីភាគីថៃ។ ទន្ទឹមនឹងនេះ យើងក៏បានចាប់ផ្តើមធ្វើការបញ្ជាក់អត្តសញ្ញាណ ផលិត និងបើកផ្តល់លិខិតធ្វើដំណើរ ឯភាគីថៃក៏បានកោតសរសើរដល់មន្ត្រីរបស់កម្ពុជា ដែលសុខចិត្តធ្វើការក្នុង១ថ្ងៃលើសពី ៩ម៉ោង និងធ្វើការចំនួន ៦ថ្ងៃ ក្នុង១អាទិត្យ”។
ទោះជាមានគណៈកម្មការផ្តល់ភាពស្របច្បាប់នៅប្រទេសថៃក៏ដោយ ពីពេលនេះតទៅ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចេញទៅធ្វើការនៅប្រទេសថៃ សូមជ្រើសរើសការធ្វើចំណាកស្រុកដោយស្របច្បាប់ (ជាពលករ MOU) ពីព្រោះការផ្តល់ភាពស្របច្បាប់នៅប្រទេសថៃគឺអាចធ្វើបានតែចំពោះពលករ ដែលមានបណ្ណពណ៌ស៊ីជម្ពូរ ឬលិខិតបញ្ជាក់ដែលចេញដោយក្រសួងការងារថៃ ឬមន្ទីរការងារថៃកាលពីខែសីហា និងកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះតែប៉ុណ្ណោះ។ លោកអ្នកនាំពាក្យបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា នៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារ របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
ក្នុងកិច្ចប្រជុំនាឱកាសនោះ លោកបណ្ឌិត ប្រធានគណៈកម្មការ បានទទួលដោះស្រាយនូវសំណូមពរ និងជំរុញក្រុមការងារទាំងអស់ត្រូវបង្កើនការផ្តល់សេវាជូនបងប្អូនពលករដែលបានមកបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងបងប្អូនដែលមកស្នើសុំបញ្ជាក់អត្តសញ្ញាណពីក្រុមការងារអន្តរក្រសួងចល័តទាំងបីការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
លោករដ្ឋមន្ត្រី បានថ្លែងថា មន្ត្រីមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារ ជាពិសេសក្នុងយុទ្ធនាការបញ្ជាក់អត្តសញ្ញាណ ជូនបងប្អូនពលករកម្ពុជា ដែលទើបនឹងចាប់ផ្តើមនាពេលថ្មីៗនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ។ “នេះគឺជាជំហាន និងជាជោគជ័យថ្មីមួយទៀតសម្រាប់ការជួយផ្តល់ភាពស្របច្បាប់ដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។លោករដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានបន្ថែមដូច្នេះ៕ ដោយ៖ជាលី