ជនប្រដាប់អាវុធមិនស្គាល់មុខម្នាក់ បានធ្វើការបាញ់រះចំនួន ៣ គ្រាប់ ទៅលើរថយន្តបុរសអ្នកជំនួញម្នាក់ បានបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី២១ មេសា នៅចំណុចភ្លើងស្តុបមួយកន្លែង ស្ថិតនៅ Jalan Rasha, ទីក្រុង Seremban ប្រទេសម៉ាឡេស៊ី ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកជំនួញម្នាក់អាយុ ៤៦ ឆ្នាំ បានបើករថយន្ត BMW ពណ៌សរបស់គាត់ ទៅអែបនឹងផ្លូវនៃភ្លើងស្តុបនៅវេលាម៉ោង ៦ និង ៣០ នាទី ព្រឹក ។ នៅពេលនោះស្រាប់តែបុរសម្នាក់ជិះម៉ូតូប្រដាប់ដោយកាំភ្លើងខ្លី បានចាប់ផ្តើមបាញ់សំដៅលើទ្វារថយន្តរបស់គាត់ចំនួន ៣ គ្រាប់ ផ្សេងៗគ្នាតែម្តង ។ សំណាងណាស់ ដែលអ្នកជំនួញរូបនោះ កំពុងបើកបរតែម្នាក់ឯង និងពុំមាននរណាម្នាក់អង្គុយនៅកៅអីក្រោយ ។
មេប៉ូលីសស្រុក ACP លោក Thiew Hock Poh បាននិយាយថា៖ «នៅពេលគាត់ឈប់នៅភ្លើងស្តុប គាត់បានលឺសម្លេងផ្ទុះពីរបីគ្រាប់ ចេញពីផ្នែកខាងក្រោយរថយន្តរបស់គាត់ ។ គាត់បន្ទាប់មក បានឃើញបុរសពាក់អាវធំពណ៌ខ្មៅ និងពាក់មូកសុវត្ថិភាព លើករបស់មួយដែលជឿថាជាកាំភ្លើងខ្លី» ។
មេឃនៅពេលនោះ កំពុងភ្លៀង ហើយអ្នកបាញ់បានគេចខ្លួនពីកន្លែងកើតហេតុដោយសុវត្ថិភាព ។ ជនរងគ្រោះបន្ទាប់មក បានទៅកាន់ប៉ុស្តិ៍ប៉ូលីស Seremban ដើម្បីដាក់ពាក្យបណ្តឹង ។
គេបានដឹងថា អ្នកជំនួញរងគ្រោះ គឺអ្នករកស៊ីនាំចូល និងលក់រថយន្ត ហើយមុខជំនួញរបស់គាត់កំពុងរីកចម្រើនយ៉ាងខ្លាំង ។ ដូច្នេះហើយ គាត់បានគិតថា មានមនុស្សអាក្រក់អាចច្រណែននឹងភាពជោគជ័យរបស់គាត់ និងជួលខ្មាន់កាំភ្លើងធ្វើឃាតគាត់បែបនេះ ។
បុរសរូបនោះបានបន្ថែមថា គាត់គ្មានសត្រូវ និងពុំដែលធ្វើបាបនរណាម្នាក់នោះទេ ។ ជាការពិត ចាប់តាំងពីជំនួញរបស់គាត់បានចាប់ផ្តើម គាត់តែងបរិច្ចាគឧបត្ថម្ភដល់ព្រឹត្តិការណ៍សប្បុរសធម៌ផងដែរ ។
បច្ចុប្បន្ន ប៉ូលីសកំពុងបើកការស៊ើបអង្កេតករណីនេះ ដើម្បីចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ចន្ទី