ភ្នំពេញ៖ លោក កើត ឆែ បានលើកឡើងថា តាមរយៈការខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលនៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ គឺជាការចូលរួមចំណែកក្នុងការលើកស្ទួយជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែប្រសើរឡើង ជាពិសេសសម្រេចបាននូវស្នាដៃជាច្រើនក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយគុណភាព គុណធម៌ និងមានប្រសិទ្ធភាពឆ្លើយតបទៅតាមតម្រូវការចាំបាច់ក្នុងការលើកកម្ពស់សុខភាព។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងឱកាស បើកសន្និតបាតបូកសរុបលទ្ធិផលការងារឆ្នាំ ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៨ នេះ នាមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា វិស័យសុខាភិបាលនៅឆ្នាំ២០១៧ ត្រូវបានកត់សម្គាល់ដោយសមិទ្ធផលជាច្រើន និងវឌ្ឍនភាពកំពុងបន្តកើតមានតាមរយៈអន្តរាគមន៍នៃកម្មវិធីសុខភាពបន្តពូជ សុខភាពមាតា-ទារក-កុមារ និងអាហារូបត្ថម្ភលើស្ត្រី និងកុមារ កម្មវិធីប្រយុទ្ធនិងជំងឺឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពសារធារណៈ រួមនិងការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងអន្តរាគមសុខភាពសាធារណៈ បានដើរទន្ទឹមគ្នា និងការកែលម្អគុណភាពសេវា ឲ្យកាន់តែប្រសើរឡើង ។ លោកបានបន្តទៀតថា មន្ទីរបានអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមូលនិធិរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ ក្នុងការលើកលែងការបង់ថ្លៃសេវា និងប័ណ្ណសុខភាពបានដករបាំងឧបសគ្គភូមិសាស្ត្រ និងរបាំងឧបសគ្គហិរញ្ញវត្ថុ រួមនិងការផ្តល់បង្ការហានិភ័យហិរញ្ញវត្ថុ ដល់គ្រួសារក្រីក្រមកប្រើប្រាស់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយគ្មានបង់ថ្លៃនៅពេលមានបញ្ហាសុខភាពដល់ប្រជាពលរដ្ឋ ។ លោកបានបន្តទៀតថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើន ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន នៅក្នុងឆ្នាំ២០១៧ ដូចជា ការផ្តល់សេវាសុខាភិបាលជូន ការផ្តល់ហិរញ្ញប្បទានសុខាភិបាល និងការគាំពារសុខភាពសង្គម ធនធានមនុស្សនៅមានកម្រិត សេវាគាំពារជាសារវន្តដូចជាការផ្គត់ផ្គង់ គ្រប់គ្រង និងប្រើប្រាស់ឱសថ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា និងអភិបាលកិច្ច ជាដើម ។
បើតាមលោកប្រធានមន្ទីរសុខាភិបាល បានបង្ហាញឲ្យឃើញថាសមិទ្ធផលការងារសុខាភិបាលទូទាំងរាជធានីភ្នំពេញ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងលើការផ្តល់សេវាក៏ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប៉ុន្តែទោះយ៉ាងណា លោកប្រធាន ក៏បានលើកឡើងនូវប្រឈមមួយចំនួនផងដែរ ដូចជា កង្វះខាតសម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យ ជាដើម ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។
ក្នុងឱកាសនោះដែរ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការដែលបំរើការនៅ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង សម្រេចបាននូវស្នាដៃជាច្រើន ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពនាពេលកន្លងមក ។ លោកបានកត់សម្គាល់ឃើញពីការពីការខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលរាជធានីឃើញថា នៅតាមមណ្ឌលសុខភាពជាច្រើនត្រូវបានកែលម្អទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងគុណភាពអប់រំសុខភាព ដូចជាមានការតាំងប៉ាន់ណូអប់រំសុខភាព និងការចាក់ផ្សាយស្ពតវីដេអូអប់រំសុខភាព នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីបញ្ជៀបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតការសម្រាលកូននៅក្នុងមូលដ្ឋានសុខាភិបាល ការផ្តល់សេវាពន្យាកំណើត ការពិនិត្យផ្ទៃពោះមុនពេលសម្រាល ២ដង ឬច្រើនដងដោយបុគ្គលិកសុខាភិបាល ចំពោះកុមារអាយុក្រោម១ឆ្នាំទទួលបានថ្នាំបង្ការជម្ងឺរបេង និងវ៉ាក់សាំងការពារជម្ងឺកញ្ជ្រិល បានកើនឡើងជាលំដាប់ ។ លោកបានបន្តថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការបម្រើឲ្យប្រជាលរដ្ឋ លោកបានជំរុញឲ្យថ្នាក់ដឹងនាំ មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញទាំងអស់ ខិតខំប្រឹងប្រែង បន្ថែមទៀត សម្រាប់ខិតខំបន្តសម្រេចឲ្យបាននូវទិសដៅមួយចំនួន ដែលនូវសេសសល់នៅក្នុងឆ្នាំ២០១៧ ដែលមិនទាន់ សម្រេចបានទៅតាមគោលការណ៍ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ដើម្បីផ្តល់សេវា ពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ៕ ដោយ ៖ បញ្ញាស័ក្តិ