ខេត្តព្រះសីហនុ៖ ថ្នាក់ដឹងនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុនិងខេត្តមួយចំនួនទៀត បានរួមគ្នាដុតកំទេចគ្រឿងញៀន ដែលសមត្ថកិច្ចចាប់បានកន្លងមកចំនួនជិត ៨ គីឡូក្រាម។
ពិធីនេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនជិត ៨គីឡូក្រាម នៅទីលានកីឡាដ្ឋានខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។
លោកស្រី ចាត សូរស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងក្នុងពិធីនោះថា គ្រឿងញៀនដែលដុតបំផ្លាញនៅពេលនេះរួមមាន ថ្នាំញៀនម៉ាទឹកកកចំនួន ៤៦៣០,៤២ក្រាម។ ថ្នាំញៀនយ៉ាម៉ាគ្រាប់ចំនួន ២៨៦១,៦៨ក្រាម និងកញ្ឆាក្រៀម ចំនួន ១១០,៦២ ក្រាម។
លោកស្រីបន្តថា ជាការដុតបំផ្លាញគ្រឿងញៀននៅពេលនេះ គឺបាននាំយកមកពី ៥ខេត្តរួមមាន៖ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង តាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេច របស់សាលាដំបូងខេត្តនីមួយៗ។
នាឱកាសនោះ លោក យន្ត មីនអភិបាលខេត្តព្រះសីហនុ និងលោក វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រជានគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក។ លោកបានយកវេទិការនេះ ផ្ញើសារទៅកាន់ ប្រជាពលរដ្ឋ ពិសេសយុវជនគ្រប់ៗ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕ ដែន សីមា
Q