ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីអំពីការរៀបចំបែបបទ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងនេះធ្វើឡើង យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៦។
គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះត្រឹមត្រូវតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃរួចហើយ នឹងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមទម្រង់បែបបទលេខ ១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្រោមចំណុច ៤.៧.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ (ប.ន.ត.រ) លើកលែងតែចំណុច ៤.៧.៣.១ និង ៤.៧.៣.៤ ដែលតម្រូវឱ្យគណបក្សនយោបាយ អនុវត្តន៍តាមការកំណត់ដូចខាងក្រោម៖
១៖ អំពីសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ គណបក្សនយោបាយ ត្រូវដាក់ភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយអាជ្ញាធរក្រុង-ស្រុក-ខណ្ឌ (ការិយាល័យច្រកចេញចូលតែមួយ)។ ២៖ អំពីបញ្ជីបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិចមួយភាគបី ១/៣ នៃចំនួនអាសនៈរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ គណបក្សនយោបាយ ត្រូវរៀបចំបញ្ជីបេក្ខជនឈរបោះឆ្នោតសរុបទូទាំងប្រទេស ។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច មួយភាគបី នៃចំនួនអាសនៈ ក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្នើគ្នានឹងបេក្ខជនពេញសិទ្ធិ។ ក្នុងន័យនេះ ត្រូវបានកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច៤២រូប នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ៕ ដោយ ៖ បញ្ញាស័ក្តិ