Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ការបន្ធូរបន្ថយ បទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដើម្បីពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។

ឯកឧត្តមបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។  បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។

ឯកឧត្តម ជា ចាន់តូ បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត។ ឯកឧត្តម ជា ចាន់តូ បានលើកឡើងដែរថា ស្របតាមដំណើរការសេដ្ឋកិច្ចនិងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

គួរបញ្ជាក់ថា គោលបំណងនៃសន្និបាតនេះគឺដើម្បីអបអរសាទរនិងផ្សព្វផ្សាយ អំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។ សូមជម្រាបថា នៅឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ពីទស្សនាវដ្តីអន្តរជាតិ The Banker, ពីភ្នាក់ងារប្រឹក្សាយោបល់និងវាយតម្លៃក្នុងវិស័យហិរញ្ញវត្ថុ The Asian Banker និងថ្មីៗនេះពីទស្សនាវដ្តីជប៉ុន Nikkei លើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ប្រព័ន្ធទូទាត់ និងសេដ្ឋកិច្ចជាតិ៕

×