ភ្នំពេញ៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតធំចំនួនពីរនេះ ជាគម្រោងរបស់ក្រុមហ៊ុន TPJ របស់ជប៉ុន ដោយគ្រោងនឹងចុះមកសិក្សាមើលទីតាំង ដើម្បីបង្កើតរោងចក្រ នៅខេត្តកំពង់ធំ និងកំពង់ចាម និងដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសជប៉ុន និងទីផ្សារផ្សេងទៀត។
បើតាមការបញ្ជាក់ពីប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានឲ្យដឹងថា ក្រុមហ៊ុនរបស់ជប៉ុន នេះ មានរោងចក្របកគ្រាប់ចន្ទីខ្នាតតូចមួយរួចជាស្រេចហើយនៅកម្ពុជា ប៉ុន្តែពេលនេះក្រុមហ៊ុនមានបំណងបើករោងចក្រធំពីរទៀត ដើម្បីបង្កើនការនាំចេញ ខណៈដែលនៅប្រទេសជប៉ុន ត្រូវការគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន ១ម៉ឺនតោន ក្នុង១ឆ្នាំ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនបានទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចហើយពីប្រទេសឥណ្ឌា នៅពេលនេះ ជប៉ុនចង់បង្កើតរោងចក្របន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារជប៉ុនដោយផ្ទាល់ ក៏ដូចជា ទីផ្សារផ្សេងទៀត។ លោកបានបញ្ជាក់ថា សម្រាប់ទីផ្សារជប៉ុន នៅក្នុងឆ្នាំ២០២២នេះ គ្រោងនឹងបញ្ជាទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន ៣ពាន់តោន ដែលស្មើនឹង ៣០ភាគរយ។
យោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ដោយបញ្ហាជំងឺកូវីដ-១៩ តម្លៃស្វាយចន្ទីស្រស់ធ្លាក់ថ្លៃពីរឆ្នាំជាប់ៗគ្នា ប៉ុន្តែឆ្នាំ២០២១ តម្លៃគ្រាប់ឆៅឡើងបន្តិច ៣០០០រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករគ្មានឃ្លាំងស្តុកទុកមានការខាតបង់។ ទោះយ៉ាងណា សមាជិក សមាគមស្វាយចន្ទីកម្ពុជា ដែលមានឃ្លាំងបានរក្សាទុកគ្រាប់ស្ងួតលក់បានចន្លោះ ៥០០០រៀល ទៅ ៧២០០រៀល ក្នុងមួយគីឡូក្រាម នាអំឡុងខែកញ្ញាឆ្នាំ២០២១។
គួរបញ្ជាក់ថា ដោយសារខ្វះឃ្លាំងស្តុកទុក សមាគមស្វាយចន្ទីកម្ពុជា មិនអាចធ្វើតាមតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសមួយចំនួនឡើយ ខណៈដែលឃ្លាំងមានទាំងទីតាំងហាលគ្រាប់ត្រូវចំណាយមិនតិចជាង ១លានដុល្លារ ដែលមានសមត្ថភាពស្តុកគ្រាប់ស្ងួតចំនួន ៥០០០តោន សម្រាប់ទុកលក់ពេលគ្រាប់ឆៅឡើងថ្លៃ នាខែសីហា ឬកញ្ញា ហើយការលក់គ្រាប់ស្រស់ ធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម ហើយនិងតម្លៃតាមឈ្មួញកណ្តាលក្រលុកផងដែរ៕