ក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ អង្គកាលីកាដូ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ អង្គការលីកាដូបានផ្សាយថា កម្មករនិងសហជីពជាច្រើនបាននាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ទោះបីជាមានការរិតត្បិតជុំវិញការជួបជុំគ្នាជាសាធារណៈ និងការហាមឃាត់មិនឱ្យមានការដើរហែក្បួននៅរាជធានីភ្នំពេញក៏ដោយ។ ចំណែកឯទីធ្លានៅជុំវិញរដ្ឋសភាជាតិត្រូវបានបិទ និងដាក់ពង្រាយដោយកងកម្លាំងចម្រុះជាច្រើន។
កម្មករនិងសហជីពទាំងនោះបានជួបជុំគ្នានៅខាងក្រៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយស្ថិតក្រោមការឃ្លាំមើលយ៉ាងជាប់លាប់ពីសំណាក់កងកម្លាំងសន្តិសុខនិងនគរបាលជាច្រើន។ កម្មករប្រមាណជាង៦០០នាក់ ដែលភាគច្រើនមកពីរោងចក្រកាត់ដេរនិងសំណង់ បានឈរកាន់បដាជាច្រើន ដើម្បីអំពាវនាវឱ្យមានការគោរពសិទ្ធិកម្មករ បញ្ឍប់ការធ្វើទុក្ខបុកម្នេញលើសហជីព និងការបង្កើនសុវត្ថិភាពនៅក្នុងតំបន់សំណង់អាគារផ្សេងៗ។ សាលារាជធានីភ្នំពេញបានបដិសេធគម្រោងហែក្បួនទៅរដ្ឋសភារបស់សហភាពការងារកម្ពុជា (CLC) និងសមាជិក ដែលជាអ្នករៀបចំទិវានេះ ដោយលើកហេតុផលពីការព្រួយបារម្ភអំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់នានា។
ថ្នាក់ដឹកនាំសហភាពការងារកម្ពុជាបានធ្វើការសម្ដែងមតិលើប្រធានបទ “បញ្ហាប្រឈមរបស់កម្មករនយោជិតក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព” ដោយអំពាវនាវឱ្យមានការការពារសិទ្ធិរបស់កម្មករ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសហជីព។ ក្រុមសហជីពមួយចំនួនផ្សេងទៀតក៏បានប្រារព្ធទិវានេះ ដោយបានដាក់ញត្តិទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋសភាជាតិ។ នៅតាមបណ្ដាខេត្តមួយចំនួនទៀតដូចជា ខេត្តរតនគិរី កំពត កំពង់ស្ពឺ និងកំពង់ឆ្នាំង ក៏បានប្រារព្ធទិវាពលកម្មអន្តរជាតិនេះផងដែរ។
នៅព្រឹកថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣២ នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។ ក្នុងពិធីជួបជុំថ្ងៃនេះគឺមានកូនក្មួយកម្មករកម្មការិនីចូលរួមប្រមាណ ៥.៥១៥នាក់។
ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែសប្បាយរីករាយក្រៃលែងក្នុងពេលដែលបានជួបកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណរោងចក្រ “មីនេបៀ” របស់ជប៉ុនដែលបានផ្តល់ទីកន្លែងសម្រាប់ការជួបជុំ និងអរគុណដល់លោកអគ្គរដ្ឋទូតជប៉ុនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏សប្បាយរីករាយនេះ។
នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាលើកទឹកចិត្តដល់កម្មករកម្មការនីចំនួន ៥.៥១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០.០០០ រៀល បុគ្គលិកចុងភៅធ្វើម្ហូបក្នុងពិធីចំនួន ៣៥០នាក់ ដោយម្នាក់ៗ ទទួលបាន ៥០.០០០ រៀល និងក្រុមតន្ត្រីទទួលបានថវិកាចំនួន ១០ លានរៀល។ ជាមួយគ្នានោះ សម្តេចតេជោក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៤៧នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកូនក្មួយក្នងភាពស្និទ្ធស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ក្រៃលែង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយកម្មករកម្មករនីទូទាំងប្រទេសនៅក្នុងថ្ងៃឈប់សំរាក នៃទិវាពលកម្មអន្តរជាតិថ្ងៃនេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
អគុណបងប្អូនជនរួមជាតិ និងបងប្អូនកូនក្មួយកម្មករដែលតែងតែគាំទ្រ គោរពស្រឡាញ់ និងបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បី សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕ ដោយ៖បញ្ញាស័ក្តិ