ព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ នៅកំពង់ផែក្រុងព្រះសីហនុ។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពន្យល់អំពីគម្រោងដល់អ្នកពាក់ព័ន្ធ ផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធបានបញ្ចេញទស្សនៈ មតិយោបល់ កង្វល់ និងសំណូមពរលើប្រភេទទីតាំង និងសកម្មភាពគម្រោង និងប្រមូលមតិយោបល់ពីអ្នកពាក់ព័ន្ធ សម្រាប់រៀបចំរបាយការណ៍គម្រោងប្លង់រចនាសម្ព័ន្ធ សម្រាប់ចំណតផែកុងតឺន័រថ្មីទី២ (NCT2) និងទី៣ (NCT3) ដែលមានចំនួន ២៥០,០០០TEU។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា កិច្ចប្រជុំប្រមូលធាតុចូលពីអស់លោក លោកស្រី ជាមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តែអង្គប្រជុំនៅតែមានកង្វល់ពីហេតុផលប៉ះពាល់បរិស្ថាន ព្រមទាំងស្នើឲ្យក្រុមហ៊ុន VB Consultant ត្រូវបន្តការសិក្សាផលប៉ះពាល់បរិស្ថានឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការសាងសង់ផែកុងតឺន័រទី២ និងទី៣៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី